បន្ទាយមានជ័យ ៖ សកម្មជន៣នាក់ដែលអាចជាប់ពាក់ព័ន្ធនិងក្រុមប្រឆាំងការបោះឆ្នោតនិង ប្រឆាំងរដ្ឋាភិបាល ត្រូវបានប៉ូលិសខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពចែកវិទ្យុអាវយឺតនាឡិកាដៃវីស៊ីឌីបិទឡូហ្គោមានអក្សរចលនាអំណាចពលរដ្ឋខ្មែរនិងមានអក្សរប្រឆាំងការបោះឆ្នោតជូនពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១ កក្កដា ២០១៣ និងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី៣ កក្កដា ២០១៣ ។
សកម្មជនទាំង៣នាក់ដែលធ្វើការផ្សព្វផ្សាយប្រឆាំងការបោះឆ្នោតនិងប្រឆាំងរដ្ឋាភិបាល តាមរយៈ ការចែកវិទ្យុអាវយឺតនាឡិកាដៃវីស៊ីឌីបិទឡូហ្គោមានអក្សរចលនាអំណាចពលរដ្ឋខ្មែរមាន ១.ឈ្មោះ សេរីប៊ុនឡុង ភេទប្រុសអាយុ២៨ឆ្នាំមានទីលំនៅផ្ទះជួលភូមិបាលិលេយ្យសង្កាត់ក្រុងប៉ោយប៉ែតដែលទើបតែឈប់ធ្វើការពីអង្គការកម្ពុជានៃក្ដីសង្ឃឹមមានទីតាំងនៅក្រុងប៉ោយប៉ែត ២.ឈ្មោះ សេង សុម៉េង ភេទប្រុសអាយុ៣០ឆ្នាំទីលំនៅក្រុងប៉ោយប៉ែត និង៣.ឈ្មោះ អ៊ុំ ភិរុណ ភេទប្រុសអាយុ២៦ឆ្នាំ ទីលំនៅក្រុងប៉ោយប៉ែតដែលបុរសនេះ ត្រូវបានគេយកអត្តសញ្ញាណប័ណ្ណទៅដកលុយដែលវេរពីក្រៅប្រទេសមកស្រុកខ្មែរដើម្បីយកទៅបោះពុម្ពអាវយឺត។ ជនទាំង៣នេះត្រូវបានចាប់ខ្លួនតាំងពីរសៀលថ្ងៃទី១ កក្កដា ២០១៣ ដោយប៉ូលិសកណ្ដាលសន្តិសុខដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ឃួន ប៊ុនហួន ស្នងការរងនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យរួមនឹងប៉ូលិសក្រុងប៉ោយប៉ែត ។ ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចបានដកហូតបានអាវយឺតពណ៌លឿងចំនួន១០៩អាវយឺតនិងនាឡិកាដៃ៣៤០ វិទ្យុ២៥គ្រឿង ដែលសុទ្ធតែមានឡូហ្គោសរសេរជាអក្សរខ្មែរចលនាអំណាចប្រជាពលរដ្ឋខ្មែរ និងមានអក្សរខ្មែរបន្ថែមនៅខាងក្រោយអាវយឺតថាមិនគាំទ្រនិងការបោះឆ្នោត។ ជនទាំង៣នេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៣ កក្កដា ២០១៣។ បន្ទាប់ឃាត់ខ្លួនជនសង្ស័យទាំង៣បាន១ថ្ងៃសមត្ថកិច្ចនគរបាលខេត្តសៀមរាបនៅរសៀលថ្ងៃទី២ កក្កដា ២០១៣ បានចុះឆែកឆេរនិងឃាត់ខ្លួនម្ចាស់រោងពុម្ពអាវយឺតកម្ពុជាដែលមានទីតាំង ក្រុងសៀមរាបខេត្តសៀមរាប ក្នុងនោះសមត្ថកិច្ចរកឃើញអាវយឺតចំនួន២ ដែលមានឡូហ្គោនិងអក្សរខ្មែរថាចលនាអំណាចពលរដ្ឋខ្មែរ ។
យោងតាមវេបសាយរបស់ចលនាអំណាចពលរដ្ឋខ្មែរដែលបានផ្សាយថ្ងៃទី៣ កក្កដា អោយដឹងថា នគរបាលខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនសកម្មជនខ្លួនពីរនាក់ ១-ឈ្មោះ សេង សុម៉េង ភេទប្រុសអាយុ៣០ឆ្នាំ និង២- យុវនិស្សិត សេរីប៊ុនឡុង ភេទប្រុសអាយុ២៣ឆ្នាំ។ ការឃាត់ខ្លួននោះពុំប្រើដីកាតុលាការទេ ហើយរឹបអូសនាឡិកាដៃ ៣គ្រឿង ដកប្រាក់ពីហៅប៉ៅ សេង សុម៉េង ៥០០ដុល្លាស.រ.អា និងរឹបអូសអាវយឺតនិងនាឡិកាអារបស់ចលនារាប់រយ ។ គួរបញ្ជាក់ចលនាអំណាចពលរដ្ឋខ្មែរជាចលនាខុសច្បាប់ មានមូលដ្ឋាននៅស.រ.អា ដែលធ្វើសកម្មភាពប្រឆាំងនិងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ៕
ដោយ៖ សម្បត្តិ សីហា