ភ្នំពេញ៖ នៅថ្ងៃទី២៨ ធ្នូ ២០១៣ ក្នុងសន្និសីទកាសែត ស្តីពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និង សង្គម ដែលប្រព្រឹត្តធ្វើនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា បានអំពាវនាវឲ្យមានការដោះស្រាយបញ្ហាជាតិឲ្យទទួលបានជោគជ័យនៅដើមឆ្នាំ២០១៤ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
លោក កឹម សុខា បានហៅឆ្នាំ២០១៤ ថាជាការបើកទំព័រសករាជថ្មីមួយក្នុងការដោះស្រាយបញ្ហាជាតិសំខាន់ៗ ហើយថាការដោះស្រាយបញ្ហាជាតិទាំងមូលទទួលបានជោគជ័យ ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ឋ ក្នុងនោះមានគណបក្សនយោបាយទាំងពីរដែលទទួលបានអាសនៈសភាក្នុងនីតិកាលទី៥ សង្គមស៊ីវិល អង្គការអន្តរជាតិ និង តំណាងប្រជាពលរដ្ឋជាដើម ៕