កំពង់ឆ្នាំង ៖ នៅថ្ងៃសុក្រទី២៧ ខែធ្នូ ឆ្នាំ២០១៣ មិនបានឃុំខ្លួនជនសង្ស័យ ប្រព្រឹត្ដបទល្មើស ដុត បំផ្លាញ ផ្ទះជនរងគ្រោះនៅភូមិឡពាង ស្រុក កំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង កាលពី អំឡុង ខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពីបានកោះហៅឱ្យចូលមកបំភ្លឺនៅ តុលាការថ្ងៃនេះ ដោយបានអនុញ្ញាត ឱ្យពួក គេត្រឡប់ទៅផ្ទះវិញ ក្រោយបញ្ចប់ការ សាកសួរ ។
ជនសង្ស័យប្រព្រឹត្ដ បទល្មើស ដែលគេស្គាល់ថា ឈ្មោះរាជ សីមា ,ភុល សេន និង ញឹម ញឿន នៅភូមិឡពាង ឃុំតេជេស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ ឆ្នាំង ដែលអ្នកទាំងបី ត្រូវបានតុលាការ កោះហៅឱ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធទៅនឹង ការដុតបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃ ដោយ ចេតនា កាលពី អំឡុងខែមិថុនាឆ្នាំ២០១៣ ។
ការកោះហៅនេះ ជាការកោះហៅលើក ទី៣ បន្ទាប់ពីបានសុំពន្យារពេលតាមការ កោះ ហៅរបស់តុលាការ កាលពីលើកទី១ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ និងលើកទី២ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ។
នៅចំពោះមុខតុលាការជនសង្ស័យទាំង៣នាក់ បានឆ្លើយបដិសេធថា ខ្លួនមិនបានប្រព្រឹត្ដ ដូច ការចោទប្រកាន់ឡើយ ហើយក្នុងនោះជន សង្ស័យរាជ សីមា បានអះអាងថា តុលាការ ខេត្ដកំពង់ឆ្នាំង បានកោះហៅអ្នកភូមិឡពាង ម្ដងហើយម្ដងទៀត និងសូមឱ្យបញ្ចប់ទៅ ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ធ្លាប់ត្រូវបានគេដឹងថា មានការប្ដឹងផ្ដល់គ្នាជាមួយក្រុមហ៊ុន KDC ដែលមានលោកស្រី ជា ខេង ជាតំណាង ពាក់ព័ន្ធនឹងទំនាស់ដីធ្លី នៅឃុំឡពាង ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ។ ប៉ុន្ដែក្នុងករណីនេះ មិនពាក់ព័ន្ធ ទៅនឹង ការប្ដឹងផ្ដល់គ្នារវាងក្រុមហ៊ុននិងពួកគេឡើយ តែវាជាករណីជនសង្ស័យទាំង៣ខាងលើ ពាក់ព័ន្ធជាមួយមន្ដ្រីសាធារណៈរបស់រដ្ឋ និង ជនរងគ្រោះតែប៉ុណ្ណោះ ៕