ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងចាប់អនុវត្តន៍ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យអប់រំដើម្បីបញ្ជ្រៀសផុតពីការរងគ្រោះ ដោយគ្រោះថ្នាក់ធម្មជាតិទៅអនាគត។ ថ្នាក់ដឹកនាំក្រសួងអប់រំ បានប្រកាសធ្វើការកែលំអរសាលារៀន ដោយបង្ការចំពោះគ្រោះថ្នាក់ធម្មជាតិ ពិសេសទឹកជំនន់ដែលធ្វើឲ្យសិស្សនិស្សិត មិនអាចបន្តការសិក្សាបាន និងធ្វើឲ្យបាត់បង់ ឯកសារសាលា នៅពេលមាន ហានិភយ័ គ្រោះ ធម្មជាតិ ។រដ្ឋលេខាធិការក្រសួងអប់រំ លោក អ៊ឹម កុច បានថ្លែងឱ្យដឹងកាលពីថ្ងៃទី ២៧ ធ្នូ ថា ក្រសួងអប់រំបានប្រកាសធ្វើការកែទម្រង់ប្រព័ន្ធអប់រំនៅក្នុងកម្ពុជា ដែលនៅក្នុងនោះក៏បានគ្រោងធ្វើការកែទម្រង់តទល់នឺងការប្រែប្រួលអាកាសធាតុផងដែរ ខណៈពេលទឹកជំនន់ ឆ្នាំ២០១៣ ដែលបានបំផ្លាញសាលាជាង ១២០០ខ្នង ។
លោកបានបញ្ជាក់ថា គម្រោងនោះរួមមានការសាងសង់អាគារសិក្សាឲ្យមានកំពស់ខ្ពស់ ជាងទឹកជំនន់ដែលតែងតែលិចនៅតំបន់នោះ ដើម្បីងាយស្រួលដល់សិស្ស អាចចូលរៀនបាន និងអាចតម្កល់រាល់ សំណៅឯកសារ ផ្សេងៗបាន ។
យោងតាមលទ្ធផលផ្សព្វផ្សាយ ដែលប្រកាសនៅព្រឹកនេះ បានឲ្យដឹងថា ទឹកជំនន់ ឆ្នាំ ២០១៣ បានធ្វើឲ្យសាលាខូតខាតមិនអាចឲ្យសិស្សរៀនបាន ហើយត្រូវការសាងសង់ឡើងវិញ ជាបន្ទាន់។សាលាខ្លះត្រូវទឹកលេចរហូតជាង១ខែ បានបំផ្លាញឯកសារ និងសៀវភៅសិក្សា ហើយ សិស្សត្រូវខាតបង់ពេលវេលាជាង១ខែ មិនអាចមករៀនបាន។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ ២០០៩ មកសាលារៀន បានរងគ្រោះជាបន្ទបន្ទាប់ពីទឹកជំនន់ និងខ្យល់ព្យុះកេតសាណានិងទឹកជំនន់នាឆ្នាំបន្តបន្ទាប់។ ហើយឆ្នាំ២០១៣នេះ សាលា១២៨០ បានរងផលប៉ះពាល់ពីជំនន់ដែលក្នុងនោះ១២៨សាលាត្រូវការសាងសង់ឡើងវិញ។
លោកមន្ត្រីក្រសួងអប់រំក៏បានបញ្ជាក់ទៀតថា របាយការណ៍រងគ្រោះដោយសារទឹកជំនន់នេះ បានជំរុញឲ្យក្រសួងឈានទៅរៀបចំផែនការយុទ្ធសាស្ត្រគោលនយោបាយ និងផែនការសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំសម្រាប់រយៈពេលវែង។ ផែនការដំបូងនោះគឺ សង់សាលាឲ្យខ្ពស់ និងសង់ផ្លូវទៅសាលាឲ្យខ្ពស់ផុតពីទឹកជំនន់៕ ដោយ៖ ការីនិពន្ធតូច