ភ្នំពេញ៖បុរសវ័យប្រហែលជាង២០ឆ្នាំម្នាក់បានរងរបួសធ្ងន់ខណៈដែលរូបគេបានជិះម៉ូតូយ៉ាងលឿនដូចហោះ ជ្រុលល្បឿនទៅបុករថយន្តតូរីសដែលកំពុងបើកឆ្លងផ្លូវ ត្រង់ចំណុចមុខផ្សារអូរឫស្សី តាមបណ្ដោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ផ្សារអូរឫស្សីទី១ ខណ្ឌ៧មករាកាលពីវេលាម៉ោង១២និង ១៥នាទីឈានចូលថ្ងៃទី០៤ខែកក្ដដាឆ្នាំ ២០១៣ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តតូរីស ពណ៌លឿង ពាក់ស្លាកលេខកណ្ដាល2A-5367 កំពុងបើកបរឆ្លងកាត់ផ្លូវ១៨២ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BG-1416 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុករថយន្តពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុម្ចាស់ម៉ូតូត្រូវបានរថយន្តសាមុយដឹងយកទៅសង្គ្រោះភ្លាមផងដែរចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌ៧មករាដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយ សារម្ចាស់ម៉ូតូបើកលឿនពេក ហើយទំនងវ៉ាក់ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តយ៉ាងពេញ ទំហឹងតែម្តងទៅ ៕
ដោយ៖ បញ្ញា