ភ្នំពេញ ៖ រហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣នេះ ក្រុមកម្មករបម្រើការងារ នៅក្នុងរោងចក្រជាង ២៥៣ ក្នុងប្រទេសកម្ពុជា បានធ្វើកូដកម្ម ដោយសារមិនពេញចិត្ត ចំពោះការដំឡើងប្រាក់ខែ ត្រឹមតែ១៥ដុលា្លរ នៅឆ្នាំ២០១៤។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ នេះថា ក្រុមកម្មករដែលធ្វើកូដកម្មមាននៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម កណ្តាល ភ្នំពេញ តាកែវ ខេត្តស្វាយរៀង រោងចក្រ។
លោកបានបន្តថា “សរុបកម្មករទាំងអស់ជិត ៣០ម៉ឺននាក់ ហើយការធ្វើកូដកម្មនេះ ដោយសារតែអត់ទ្រាំមិនបាន ចំពោះការដំឡើងប្រាក់ខែមិនសមរម្យ ដែលធ្វើឲ្យ កម្មករហូបមិនគ្រប់គ្រាន់”។
លោក ជា មុនី បញ្ជាក់បន្តយ៉ាងខ្លីថា ភាគច្រើនឲ្យតែខេត្តណា ដែលមានរោងចក្រ គឺពួកកម្មក កម្មការិនី ធ្វើកូដកម្មទាំងអស់។ពាក់ព័ន្ធបញ្ហានេះដែរ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករ កាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ បានព្រមានថា បញ្ហានឹងកាន់តែមាន សភាព ធ្ងន់ធ្ងរ ប្រសិនភាគីពាក់ព័ន្ធ ជាពិសេស រាជរដ្ឋាភិបាលមិនដោះស្រាយ លើប្រាក់ខែរបស់កម្មករ ។
អ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានថ្លែងថា ការដែលកម្មករ នៅតែបន្តសកម្មភាពតវ៉ារបស់ខ្លួននេះ នឹងធ្វើឲ្យអ្នកវិនិយោ មិនសប្បាយចិត្ត ចំពោះ ការតវ៉ានេះ ជាទង្វើមួយផ្ទុយពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកៀងគរ រកអ្នកវិនិយោគ មករកស៊ីនៅកម្ពុជា។ ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការ សម្រាប់ដោះស្រាយ បញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់ មុខសញ្ញា បានកោះហៅតំណាង សហជីពមួយចំនួន ដែលជំទាស់ ទៅនឹងការដំឡើង ប្រាក់ខែរបស់កម្មករ ឲ្យចូលរួមប្រជុំការតវ៉ា អំពីការដំឡើងប្រាក់ឈ្នួលអប្បបរមា នៅម៉ោង៣ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ នាទីស្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ។
សូមបញ្ជាក់ថា សហជីពដែលធ្វើការទាក់ទង ទៅនឹងកម្មករនៅកម្ពុជា បានប្រកាសថា ពួកគេនឹងធ្វើកូដកម្មជាលក្ខណៈទ្រង់ទ្រាយធំមួយ នៅដើមខែមករា ឆ្នាំ២០១៤ ខាងមុខនេះ ដើម្បីជំទាស់ទៅនឹងការដំឡើងប្រាក់ខែ មិនសមរម្យសម្រាប់ក្រុមកម្មករ៕