ភ្នំពេញ ៖កាលពីវេលាម៉ោង ១២ និង៥០នាទី រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ស្ត្រីម្នាក់បានបើករថយន្ត មិនមានការប្រុងប្រយ័ត្ន ពេលកំពុងឆ្លងផ្លូវ បានជ្រុល ទៅបុកម៉ូតូមួយ គ្រឿង រួចហើយអូសម៉ូតូទៅបុករថយន្តមួយគ្រឿង ដែលកំពុងធ្វើដំណើរចេញពីផាកវ៉េ បណ្តាលឲ្យរងការ ខូចខាត និងរបួសនិស្សិតស្រីសាលាបញ្ញាសាស្ត្រម្នាក់ ជាអ្នកបើកម៉ូតូ ស្ថិតនៅ តាមបណ្តាយផ្លូវម៉ៅសេទុង មុខមជ្ឈមណ្ឌលផាកវ៉េ ក្នុងសង្កាត់ ទួលទំពូង២ ខណ្ឌចំការមន ។
មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ មិន ស្គាល់អត្តសញ្ញាណ បើករថយន្តម៉ាករ៉េវហ្វ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1346 ចូលទៅហាង លក់គ្រឿងសំណង់មួយកន្លែង ស្ថិតនៅទល់មុខមជ្ឈមណ្ឌលផាកវ៉េ លុះមួយសន្ទុះក្រោយមក បានចេញមក វិញ ដោយបត់ឆ្លងផ្លូវទៅទិសខាងក្រោយ ឡើងតាមស្តាំដៃ ក៏ជ្រុលទៅបុកនារីម្នាក់ ជានិស្សិតពេលកំពុង ជិះម៉ូតូ ម៉ាក ICon ពាក់ស្លាកលេខ ភ្នំពេញ 1AE-5559 បណ្តាលឲ្យម៉ូតូដួល ហើយជ្រុលទៅបុក រថយន្ត មួយគ្រឿង ម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខបណ្តោះ អាសន្ន ពេលកំពុងធ្វើដំណើរ ចេញពីមជ្ឈមណ្ឌល ផាកវ៉េ បណ្តាលឲ្យរងការខូចខាត ផ្នែកកង់មុខឆ្វេង ។
ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បណ្តាលឲ្យស្ត្រីម្នាក់ នៅក្នុងរថយន្តហាយឡែនឌ័រ ឈ្មោះ ចិន្តា រងរបួស ស្រាល និងនិស្សិតស្រីបើកម៉ូតូ ឈ្មោះ សៀក ហុង រងរបួស ធ្ងន់ ហើយត្រូវបញ្ជូនទៅ សង្គ្រោះនៅមន្ទីរ ពេទ្យភ្លាមៗផងដែរ ៕