ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ។ ក្រុមកម្មករ កម្មការិនីកាត់ដេរ តាមបណ្ដារោងចក្រ ក្នុងខណ្ឌមួយចំនួនជា ច្រើននាក់ បាននឹងកំពុងសម្រុកចូលមកកាន់ ទីលានប្រជាធិបតេយ្យ ដើម្បីតវ៉ាជាមួយ សកម្មជន និងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ។
លោកស្រី មួ សុខហួរ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានដឹកនាំ ក្រុមកម្មករជាង២០០០នាក់ តាមបណ្ដោយផ្លូវវ៉េងស្រេង ឆ្ពោះមកទីលាន ប្រជាធិបតេយ្យ ។
លោក ជា មុនី បាននឹងកំពុងដឹកនាំកម្មករចេញពីរោងចក្រ នៅភូមិព្រៃទា ឆ្ពោះមកទីលានប្រជាធិបតេយ្យផងដែរ ។ រីឯខណ្ឌមានជ័យវិញ ក្រុមកម្មកររោងចក្រ ពីបីទៅបួនរោងចក្រ នៅតាមបណ្ដោយផ្លូវ ជាតិលេខ២ ក៏បាននឹងកំពុងសម្រុកចូលមក កាន់ទីលានប្រជាធិបតេយ្យផងដែរ ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រុមកម្មករទាំងនេះ បានទៅ អង្រួន និងរុញទ្វាររោងចក្រ ដែលមិនចូលរួម ធ្វើបាតុកម្ម ដូចជាលោករោងចក្រ ផាកស៊ុន និងលោក អឹមវ៉េជាដើម ប៉ុន្ដែបើទោះបីពួកគេទៅរំខាន និងអូសទាញក្រុមកម្មករទាំងនេះ ទៅចូលរួមតវ៉ា ក៏ក្រុមកម្មករខាងលើមិនព្រមចេញ មកដែរ ដោយបន្ដធ្វើការជាធម្មតា ។ ដោយឡែកនៅខណ្ឌដង្កោវិញ មន្ដ្រីសណ្ដាប់ធ្នាប់សាលាខណ្ឌដង្កោ បានឱ្យដឹងថា ពុំមានក្រុមកម្មករនៅតាមរោងចក្រដែលមកចូលរួម នៅទីលានប្រជាធិបតេយ្យនោះ ទេ ពោលមានតែក្រុមកម្មករមួយរោងចក្រ ប៉ុណ្ណោះ ប្រមាណ២០០នាក់ ដែលកំពុងប្រមូលផ្ដុំតវ៉ានៅមុខរោងចក្ររបស់ពួកគេ ក្នុងសង្កាត់ព្រៃស៕