ភ្នំពេញ៖ នារីម្នាក់បានយកថ្នាំប៉ារ៉ាជាង ២០គ្រាប់ ប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន ព្រោះតែមានវិបត្តិ ប៉ុន្តែត្រូវអ្នកនៅ បន្ទប់ជាមួយ ដឹកយកទៅសង្គ្រោះទាន់ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
មិត្តភក្តិរបស់នារីរូបនោះ ឈ្មោះ កូវ វណ្ណី អាយុ ២៣ឆ្នាំ បានឲ្យដឹងថា នារីដែលលេបថ្នាំប៉ងសម្លាប់ខ្លួននេះ ឈ្មោះ ពេល លេង អាយុ២២ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ មុនពេលកើតហេតុ នាងមានទឹកមុខស្រពាប់ស្រពោន មិននិយាយស្តី ដូចជាអន់ចិត្តនឹងរឿងអ្វីមួយ ហើយក៏បានសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនតែម្តងទៅ ដែលថ្នាំទាំងនោះ បានមកពីមណ្ឌលសុខភាព។
នារីរងគ្រោះ ពេលដឹងខ្លួនវិញ បានឲ្យដឹងថា នាងមានជំងឺប្រចាំកាយទើបសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនបែបនេះ។
ក្រោយពីគ្រូពេទ្យ នៅមន្ទីរពេទ្យព្រះកុសុមៈ ជួយលាងក្រពះ និងដាក់សឺរ៉ូមរួច នារីរងគ្រោះខាងលើ បានមានអាការៈធូរស្រាលហើយ៕