ភ្នំពេញ ៖ មន្ដ្រីរាជរដ្ឋាភិបាលកម្ពុជាបាន ចេញមុខមកបដិសេធ និងទាត់ចោលទាំង ស្រុងនូវការលើកឡើង របស់មេដឹកនាំគណ បក្សប្រឆាំង គឺលោក សម រង្ស៊ី ដោយចោទ ប្រកាន់ សម្ដេចតេជោ ហ៊ុន សែន និងរាជ រដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន កើតចេញពី ការធ្វើរដ្ឋប្រហារ សន្លឹកឆ្នោតប្រជាពលរដ្ឋ និងការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិ កម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ទិត សុធា បានឱ្យដឹងថា លោកសូម ទាត់ចោលទាំងស្រុង នូវការលើកឡើង ដោយគ្មានមូលដ្ឋាន របស់មេដឹកនាំគណ បក្សសង្គ្រោះជាតិ ដែលចោទប្រកាន់ថា សម្ដេចតេជោ ធ្វើរដ្ឋប្រហារសន្លឹកឆ្នោត ប្រជាពលរដ្ឋ និងរដ្ឋប្រហាររដ្ឋធម្មនុញ្ញផ្ទុយ ទៅវិញមានតែមេដឹកនាំគណបក្សប្រឆាំង ទាំងនេះទេ គឺជាមេចលនាបះបោរ និងធ្វើ ឱ្យចលនាសង្គម នៅពេលដែលខ្លួនចាញ់ឆ្នោត ក្រោយការបោះឆ្នោតប្រកួតប្រជែង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ ។
លោក ទិត សុធា បានបញ្ជាក់ទៀតថា ការបោះឆ្នោតធ្វើឡើង ដោយគោរពតាម លទ្ធិប្រជាធិបតេយ្យ តាមរយៈការចូលរួម ពីសំណាក់គណបក្សនយោបាយ ចំនួន ៨ ហើយប្រកួតប្រជែងគ្នា លើទីលានប្រជាធិប តេយ្យ ដូច្នេះគណបក្សប្រជាជនកម្ពុជាបាន ឈ្នះឆ្នោត ដោយសារតែការគាំទ្រពីប្រជា ពលរដ្ឋ ប្រមាណ ៣លាននាក់ ដូច្នោះការ ចោទប្រកាន់ របស់មេដឹកនាំគណបក្សប្រឆាំង មិនបង្ហាញពីគោលគំនិតរួម និងឆន្ទៈ រួម របស់ប្រជាពលរដ្ឋទូទាំងប្រទេសជាង ១៤លាននាក់នោះឡើយ ។
លោក ទិត សុធា បានបន្ដទៀតថា ក្រោយការបោះឆ្នោត នៅពេលដែលខ្លួន ឯងចាញ់ទទួលបាន៥៥កៅអី ស្រាប់តែធ្វើការចោទប្រកាន់ ទៅលើគណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោត គ.ជ.ប ថា ជាឈ្នាន់របស់គណបក្សប្រជាជន និងបានបន្លំ លួចសន្លឹកឆ្នោតពីអ្នកបោះឆ្នោត ខណៈដែល ពេលបោះឆ្នោតនោះ ក្រុមសង្កេតការណ៍ជា ច្រើននាក់ ត្រូវបានអនុញ្ញាតឱ្យចូលរួមទាំង គណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើននាក់ ។
អ្នកនាំពាក្យរូបនេះបានលើកឡើងទៀត ថា គណបក្សសង្គ្រោះជាតិគួរតែទទួលស្គាល់ លទ្ធផលចាញ់ឆ្នោតរបស់ខ្លួន ហើយធ្វើការ ប្រកួតប្រជែងតាមផ្លូវច្បាប់ មិនគួរយក ច្បាប់ព្រៃមកអនុវត្ដនៅក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ ហើយមិនត្រូវធ្វើការញុះ ញង់ឱ្យប្រជាពលរដ្ឋ ប្រឆាំងរាជរដ្ឋាភិបាល ស្របច្បាប់នោះដែរ ។
លោក ទិត សុធា បានបន្ដថា ក្រោយ ការបោះឆ្នោត គ.ជ.ប បានដោះស្រាយរួចហើយ នូវភាពមិនប្រក្រតីមួយចំនួនដែល កើតឡើង ក្នុងអំឡុងពេលបោះឆ្នោត ប៉ុន្ដែ គណបក្សប្រឆាំង មិនទទួលយក ហើយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ។
ជាមួយគ្នានេះ គណបក្សប្រឆាំងមាន គោលគំនិត និងមានបំណងពេលខ្លួនឈ្នះ ឆ្នោត ទើបចាត់ទុកថា មានលទ្ធិប្រជាធិប តេយ្យពិតប្រាកដ ប៉ុន្ដែ ពេលចាញ់ឆ្នោតបែរ ជាចោទថា អ្នកឈ្នះឆ្នោតជាចោរលួចសន្លឹក ឆ្នោតទៅវិញ ។
ចំពោះការលើកឡើងដដែលៗ របស់មេ ដឹកនាំគណបក្សប្រឆាំងថា គណបក្សប្រជាជន និងរាជរដ្ឋាភិបាលធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ តាមរយៈការបង្កើតសភាឯកបក្សនោះ ត្រូវបានអ្នកនាំពាក្យរូបនេះ បញ្ជាក់ត្រឡប់ តាមផ្លូវច្បាប់ថា កិច្ចប្រជុំសភាលើកដំបូង អាចធ្វើទៅរួច គឺត្រូវការកូរ៉ុម ៥០បូក១ ដូច្នោះ គណបក្សប្រជាជនកម្ពុជាដែលទទួល បាន ៦៨កៅអី ក្នុងចំណោមអាសនៈសរុប ១២៣ កៅអី អាចប្រជុំបានស្ថិតក្រោមព្រះ រាជវត្ដមាន ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ ។
សូមបញ្ជាក់ថា នៅចំពោះមុខក្រុមបាតុ ករជាច្រើនរយនាក់ លើទីលានប្រជាធិប តេយ្យ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៣ លោក សម រង្ស៊ី និងលោក កឹម សុខា បាន ចោទគណបក្សប្រជាជន ជាចោរលួចសន្លឹក ឆ្នោត ដោយប្រើពាក្យថា ធ្វើរដ្ឋប្រហារ សន្លឹកឆ្នោតប្រជាពលរដ្ឋ និងរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ហើយទាមទារឱ្យសម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ចុះចេញពីតំណែង និង រៀបចំការបោះឆ្នោតជាថ្មីឡើងវិញ ៕