កំពង់ធំ ៖ រថយន្តម៉ាកសាំយ៉ុង២គ្រឿងដឹកឈើប្រណិតចេញមកពីខេត្តព្រះវិហារ ដល់ថ្ងៃអន្សាអស់ល័ក្ខជាប់អន្ទាក់កំលាំងសមត្ថកិច្ចចំរុះកាលពីវេលាម៉ោង២និង១៥នាទីយប់ឈានចូលថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៣ នៅចំនុចភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ!បច្ចុប្បន្នទោះបីរាជរដ្ឋាភិបាលចេញច្បាប់ហាមឃាត់ដាច់ខាតចំពោះការធ្វើចរាចរណ៍ដឹកជញ្ជូនឈើប្រណិតខុសច្បាប់យ៉ាងណាក្តី ក៏ពួកឈ្មួញ១ក្តាប់តូចដែលប្រជាពលរដ្ឋដាក់រហ័សនាមឲ្យថា ជាមេឧក្រិដ្ឋជនបំផ្លាញព្រៃឈើនោះ។ នៅតែឃុបឃិតគ្នាជាមួយនិងមន្ត្រីខិលខូចមួយចំនួនដែលខ្វះវិចារណៈញ្ញាណនោះ!ធ្វើសកម្មភាពប្រព្រឹត្តិបទល្មើសកាប់បំផ្លាញ និងដឹកជញ្ជូនឈើប្រណិតដោយមិនខ្លាចក្រែងរអែងច្បាប់!ជាក់ស្តែងនៅខេត្តកំពង់ធំ បន្ទាប់ពីមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តរួចមក។ លោក ឃឹម ប៉ាន់ ប្រធានក្តាប់រួមនៃអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប។បានដាក់កំលាំងចំរុះរួមមានផ្នែករដ្ឋបាលព្រៃឈើស្ទោង សង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ សហការជាមួយ ខ័ណរដ្ឋបាលព្រៃឈើមកពីខេត្តសៀមរាប រួមជាមួយនិងកំលាំងប្រដាប់អាវុធទាំង៣របស់ខេត្តកំពង់ធំ ធ្វើការទប់ស្កាត់បានរថយន្តទូរីសម៉ាកសាំយ៉ុង២គ្រឿង ដែលដឹកឈើប្រណិតចេញពីខេត្តព្រះវិហារ នៅចំណុចភូមិឃុំខាងលើ។ ទី១.រថយន្តទូរីសម៉ាកសាំយ៉ុងពណ៌
សរពាក់ផ្លាកលេខភ្នំពេញ2Q 3493 និងទី២.រថយន្តម៉ាកសាំយ៉ុងពណ៌លឿងគ្មានផ្លាកលេខ។
លោក នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានឲ្យដឹងថា កំលាំងសមត្ថកិច្ចយើងជួបការលំបាកខ្លាំងណាស់ក្នុងការបង្ក្រាបរថយន្តដឹកឈើម្តងៗ។ ពេលដែលបានទទួលតំណឹងសម្ងាត់ពីបណ្តាញរាយការណ៍មក។ ពេលនោះកំលាំងចំរុះ រួមសហការគ្នា សុំធ្វើការត្រួតពិនិត្យរថយន្តខាងលើ!នៅពេលដែលឃាត់រថយន្តនោះបើឃើញមានឈើប្រណីត វាមិនមានបញ្ហាទេ ក៏ប៉ន្តែបើសិនជាឃាត់រថយន្តច្រឡំ និងគ្មានឈើនៅខាងក្នុង ហើយប៉ះចំរថយន្តអ្នកធំ!អ្នកមានអំណាចវិញ!ពួកលោកខឹងសម្បារ ជេរប្រមាថនូវពាក្យអសរោះសព្វបែបយ៉ាងមកលើសមត្ថកិច្ចយើង រហូតដល់ប្តឹងឡើងតុលាការទាមទាជំងឺចិត្តទៀតផង។ ម្យ៉ាងវិញទៀតពួករកស៊ីឈើនេះ!ពួកគេបើករថយន្តគ្មានខ្លាចស្លាប់នោះទេ ទោះបីកំលាំងសមត្ថកិច្ចយករថយន្តដាក់ពាំងផ្លូវក៏គេមិនខ្លាចដែរ ហើយបើករថយន្តបំបុកទំលាយ!ធ្វើម៉េចឲ្យតែរួចខ្លួន ជួនពេលខ្លះទៀតកំលាំងសមត្ថកិច្ចរងគ្រោះថ្នាក់ដោយសារពួកទាំងអស់នេះក៏មាន ចំណែកឈើប្រណិតដែលផ្ទុកនៅក្នុងរថយន្តសាំយ៉ុងទាំង២គ្រឿងខាងលើ លោក ហម វីរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យប្រាប់ថា មានឈើប្រភេទ(នាងនួន)ចំនួន៤១ដុំ ស្មើនិង២,១៩៨ ម៉ែត្រគូបយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោងចាត់ការទៅតាមផ្លូវច្បាប់។ ពាក់ព័ន្ធនឹងរឿងខាងលើនេះដែរ ប្រជាពលរដ្ឋបាននិយាយរិះគន់ថា ឈើប្រណីតទាំងអស់នេះ អាចដឹកចេញមកពីខេត្តព្រះវិហារ បានដោយរលូនឆ្លងកាត់ខេត្តកំពង់ធំនោះ!ក៏ដោយសារតែលោក អ៊ិត ភូមិរ៉ា ខ៏ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហាអរសមត្ថភាព ទើបបណ្តាលឲ្យឈើប្រណីតសំរុកដឹកចេញ ឆ្លងកាត់ខេត្តកំពង់ធំដូចទឹកបាក់ទំនប់យ៉ាងដូច្នេះ ហើយក៏មានលេចលឺពាក្យពីពួកអ្នករកស៊ីឈើនិយាយថា ពិបាកចរចា និងនិយាយឲ្យត្រូវគ្នាណាស់ជាមួយនិងពួកមេព្រៃកំពង់ធំ៕ដោយ សុផាត