ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចប៉ូលិសប៉ុស្តិ៍អូរជ្រៅ ចំណុះវរការពារព្រំដែនគោកលេខ៨៩១នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៣និង៣០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣នេះ បានឃាត់ខ្លួនក្រុមពលករចំណាកស្រុកប្រុស ស្រីចំនួន១២នាក់បម្រុងលួចឆ្លងដែនខុសច្បាប់យកអប់រំណែនាំ ។ លោកអនុសេនីយ៍ទោណុល
ម៉ាប់ នាយប៉ុស្តិ៍អូរជ្រៅ នៃវរការពារព្រំដែនគោកលេខ៨៩១ បានឲ្យដឹងថា យោងតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការខេត្ត បានរឹតបន្តឹងដល់សមត្ថកិច្ចជំនាញដែលឈរជើងនៅតាមក្រវាត់ព្រំដែនកម្ពុជា ថៃ ឲ្យជួយខិតខំយកចិតទុកដាក់ទប់ស្កាត់រាល់បទល្មើស ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរជ្រៅនៃវរការពារព្រំដែនគោក
លេខ៨៩១ បានព្យាយាមដើរល្បាតរាល់យប់ថ្ងៃ ក៏ប្រទះឃើញមានក្រុមពលករចំណាកស្រុកប្រុស ស្រីចំនួន១២នាក់ មានបំណងបម្រុងលួចឆ្លងដែនតាមច្រករបៀងទៅថៃ ដោយខុសច្បាប់ ត្រូវសមត្ថកិច្ចរបស់លោកឃាត់ខ្លួនយកមកសួរនាំ ហើយបានអប់រំណែនាំ ដល់ពួកគាត់មិនឲ្យលួចឆ្លងដែនខុសច្បាប់បែបនេះបានឡើយ ខ្លាចក្រែងខាង
ភាគីថៃ គេចាប់វាយធ្វើបាប ឬបាញ់សម្លាប់តាមតែអំពើចិត្ត ដោយចោទថាពលរដ្ឋខ្មែរលួចឆ្លងដែនចូលក្នុងទឹកដីរបស់គេខុសច្បាប់។
លោកនាយប៉ុស្តិ៍បានបន្ថែមឲ្យដឹងថា ក្រុមពលករចំណាកស្រុកប្រស ស្រីទាំង១២នាក់ក្រោយពីសមត្ថកិច្ចរបស់លោកបានសួរនាំរួច ពួកគេបានសារភាពថា ពិតជាមានបំណងលួចឆ្លងដែនទៅរកការងារធ្វើនៅក្នុងទឹកដីថៃ ពិតមែន ។ លោកនាយប៉ុស្តិ៍បានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីសមត្ថកិច្ចរបស់លោកអប់រំណែនាំរួច បានដោះលែងឲ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើតវិញតែម្តង ៕ដោយ បូរី
» ព័ត៌មានជាតិ » ឃាត់ខ្លួនពលករចំណាកស្រុកប្រុសស្រី១២នាក់អប់រំណែនាំ មិនឲ្យលួចឆ្លងដែនខុសច្បាប់