យ៉ាងហោចណាស់មានមនុស្សប្រមាណ៩៨១នាក់បានស្លាប់ និង២.៤២២នាក់បានរងរបួសក្នុងករណីបំផ្ទុះគ្រាប់បែកចំនួន១៦៣ករណី ដែលក្នុងនោះមានចំនួន២៦ករណី ជាការបំផ្ទុះ គ្រាប់បែកអត្តឃាត បានកើតឡើងនៅក្នុងតំបន់ផ្សេងៗគ្នាទូទាំងប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេល៦ខែដើមឆ្នាំនេះ ។
ប្រភពពីទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ក្រុមភេវរករបានបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២៦ករណី ក្នុងរយៈពេល៦ខែ ក្នុងនោះខែមករា កើតមានមួយករណី ខែកុម្ភៈមាន៤ករណី ខែមីនាមាន៦ករណី ខែមេសាមាន៦ករណី ខែឧសភា មាន៤ករណី និងខែមិថុនាមានប្រាំករណី ដែលបានសម្លាប់មនុស្ស៥១៧នាក់ និង៩៦៥នាក់ផ្សេងទៀតរងរបួស។
ជាមួយគ្នានេះដែរក្នុងរយៈពេលប្រាំមួយខែនេះ មានការវាយប្រហារពីរដែលជាការវាយប្រហារធ្ងន់ធ្ងរជាងគេ ដែលបានកើតឡើងនៅខេត្ត Quetta ភាគនិរតីនៃប្រទេស ដែលមានគោលដៅវាយប្រហារតំបន់មួយក្រោមការគ្រប់គ្រងរបស់ក្រុមសហគមន៍នៃពួកម៉ូស្លីម Shia ដែលបានបណ្តាលឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិតនិងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។
គួរបញ្ជាក់ថា ខែឧសភាជាខែដែលប្រទេសប៉ាគីស្ថានរងនូវការវាយប្រហារដោយគ្រាប់បែកធ្ងន់ធ្ងរជាងគេ ដោយជនល្មើសបានវាយប្រហារទៅលើក្រុមបះបោរ និងការិយាល័យគណបក្ស ទូទាំងប្រទេសប៉ាគីស្ថាន ស្របពេលដែលប្រទេសប៉ាគីស្ថានរៀបចំការបោះឆ្នោត ដោយបាន សម្លាប់មនុស្ស ១៦១នាក់ និង៦៥២នាក់ផ្សេងទៀតរងរបួស៕