បន្ទាយមានជ័យ៖ប្រពលរដ្ឋ នៅភូមិណាំតៅ ឃុំណាំតៅស្រុកភ្នំស្រុក ខេត្តបន្ទាយ មានជ័យ បានភ្ញាក់រលឹក យក អាវុធជាតិផ្ទុះ និងឧបករណ៍ឆក់ត្រី ល្មើសច្បាប់ប្រគល់ជូន សមត្ថកិច្ច ក្រោយពីចូលរួម ស្តាប់ វេទិកាសាធារណៈ ស្តីអំពីភូមិឃុំមានសុវត្តិភាព កាលពីថ្ងៃទី២១ ខែ ឆ្នូ ឆ្នាំ២០១៣ ។
លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា អាវុធ AK 47ស្វាយបត់មួយដើម គុណភាព៥០% និងម៉ូទ័រឆក់ត្រី ពីរគ្រឿងត្រូវប្រជាពលរដ្ឋ យកមកប្រគល់ជូន កម្លាំងនគរបាល បន្ទាប់ពីពួកគាត់យល់ដឹងអំពី គោលនយោបាយ ភូមិឃុំ មានសុវត្តិភាព ក្នុងវេទិកាសាធារណៈ កាលពីម្សិលមិញនេះ។
លោកឧត្តមសេនីយ៍ត្រី ស្នងការបន្តទៀតថា កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ បានចុះធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយខាងលើ យ៉ាងសកម្ម តាមទីប្រជុំជន និង ជនបទដាច់ស្រយាល ផ្សេងៗ ទូទាំងខេត្ត ជាក់ស្តែង កាលពីទី២១ ខែ ឆ្នូ ប្រជាពលរដ្ឋ ក្នុងស្រុកភ្នំស្រុក ៦ឃុំ មានចំនួន ១១៨នាក់ ប្រុស៧៩នាក់និងស្រី៣៩នាក់ ចូលរួមស្តាប់យ៉ាងច្រើនកុះក និងយកចិត្តទុកដាក់ រហូតពួកគាត់ភ្ញាក់រលឹក ទទួលបានផ្លែផ្កាដោយយកឧបករណ៍ ល្មើសច្បាប់មកប្រគល់ជូនសមត្ថកិច្ចទៀតផង។ វេទិកាស្តីពីគោលនយោបាយ ភូមិឃុំ មានសុវត្តិភាពនេះ និងបន្តអនុវត្តន៍ ផ្សព្វផ្សាយដូចភ្លៀងរលឹម ៕ដោយ ខៀវ បូរី