ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ឋិតនៅក្បែរស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ តាមបណ្ដោយផ្លូវណតប្រ៊ីដ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ម៉ូតូហុងដាឌ្រីមសេ១២៥មួយគ្រឿងត្រូវបានក្រុមក្មេងស្ទាវមានគ្នា៨ នាក់ ជិះម៉ូតូ៤គ្រឿង ស្ទាក់វាយដណ្ដើមយកពី
ជនរងគ្រោះ៣នាក់ជិះគេចខ្លួនបាត់ ស្រមោលនៅជិតស្ថានីយ៍វិទ្យុអាស៊ីអាគ្នេយ៍។
ម៉ូតូដែលក្រុមក្មេងស្ទាវបាយប្លន់យកទៅម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1X-7121 ។ ម្ចាស់ម៉ូតូមានឈ្មោះ សាំង សារុន អាយុ២២ឆ្នាំ និងអ្នករួមដំណើរ២នាក់មានឈ្មោះ ហាស់ តារា អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហួក សុធា អាយុ២០ឆ្នាំ ទាំង៣ជាកម្មកររោងចក្រស្នាក់នៅផ្ទះជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
នៅមុនពេលកើតហេតុ វេលាម៉ោង៨យប់ ពួកខ្លួនបានចូលទៅផឹកស៊ីនៅក្នុងក្លឹបកម្សាន្ដមួយរហូតដល់ម៉ោង១ និង៣០នាទីរំលងអធ្រាត្រ បានត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីដ រហូតដល់ជិតស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ បានជួបក្រុមក្មេងស្ទាវចំនួន៨នាក់ ជិះម៉ូតូ៤គ្រឿង ស្រាប់តែពួកគេនាំគ្នាព្រួតវាយមកលើពួកខ្លួន ដោយប្រើខ្សែក្រវាត់ ដៃ ដណ្ដើមយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ៕