បន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ បានឃាត់ខ្លួន ប្រជាពលរដ្ឋ ចំនួន២៦នាក់ ប្រុងធ្វើសកម្មភាព ឆ្លងដែនខុសច្បាប់ ចូលក្នុងប្រទេសថៃដើម្បី រកការងារធ្វើ ។
ការឃាត់ខ្លួនប្រជាពលរដ្ឋទាំងនេះ បានធ្វើឡើងនៅឃុំចំបក់ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ខណៈប្រជាពលរដ្ឋទាំង ២៦នាក់ មានក្មេងចំនួន៨នាក់ កំពុងធ្វើដំណើរ ប្រុងឆ្លងដែនចូល ប្រទេសថៃខុសច្បាប់ ។
មន្ត្រីនគរបាល នៅវរការពារព្រំដែន លេខ៨១៥ ទិសម៉ាឡៃ បានថ្លែងឲ្យដឹងថា ក្រោយពីមានការណែនាំ ពីសំណាក់ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុំ រួចមក កម្លាំងនគរបាល សហការជាមួយ កម្លាំងនគរបាល មូលដ្ឋាន បានចុះល្បាត ក្នុងភូមិសាស្ត្រ ស្រាប់តែប្រទះឃើញ ប្រជាពលរដ្ឋទាំងនេះ កំពុងធ្វើដំណើរឆ្លងដែនចូលប្រទេសថៃ ចង់រកធ្វើការងារ ដោយខុសច្បាប់ នៅទីនោះ។
សូមបញ្ជាក់ថា តបតាមការណែនាំ របស់លោកស្នងការនគរបាលខេត្ត កម្លាំងនគរបាលវរៈការពារព្រំដែន លេខ៨១៥ទិសម៉ាឡៃ និងកម្លាំងនគរបាលតាមស្រុកជាប់ព្រំដែន ប្រទេសថៃបានចុះល្បាត ជាប្រចាំដើម្បីត្រួតពិនិត្យ មើលសភាពការណ៍ និងការទប់ស្កាត់ បទល្មើសនានាដែលអាចកើតមានឡើង តាមព្រំដែន និងរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានជាប្រចាំ ៕ សម្បត្តិ សីហា
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនប្រជាពលរដ្ឋ ២៦នាក់ ប្រុងឆ្លងដែន ចូលប្រទេសថៃ ដោយខុសច្បាប់