យ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់ ដោយ៤នាក់ស្ថិតនៅទីក្រុងបាបអាល់ហ្វារ៉ាច នៃខេត្តអាឡេប៉ូ ដែលក្រុមឧទ្ទាមស៊ីរីបានធ្វើការវាយប្រហារដោយកាំភ្លើងត្បាល់ ទៅលើតំបន់នោះ ហើយក៏បានបណ្តាលឲ្យមនុស្ស៦នាក់រងរបួសក្នុងនោះរួមមានកុមារផងដែរ។ ដោយឡែកទ្រព្យសម្បត្តិទាំងឡាយ រួមទាំងរថយន្តដែលចតនៅក្បែរៗនោះ ព្រមទាំងលំនៅឋាន ប្រជាពលរដ្ឋជាច្រើនក៏ទទួលរងការខូចខាតយ៉ាងដំណំផងដែរ។
ដោយឡែកនៅទីក្រុងដាម៉ាសវិញ គ្រាប់កាំភ្លើងត្បាល់ ពីរគ្រាប់បានធ្លាក់ទៅលើតំបន់កាប់បាស ដោយបានសម្លាប់មនុស្ស៣នាក់ និង របួស ១៣នាក់ផ្សេងទៀត ហើយក៏មានការវាយប្រហារកើតឡើងនៅតំបន់មួយចំនួនទៀតដែរ ប៉ុន្តែមិនបានបណ្តាលឲ្យមនុស្សណាម្នាក់ ស្លាប់បាត់បង់ជីវិតនោះទេ។
យ៉ាងណាក៏ដោយក្រុមឧទ្ទាមស៊ីរី បានធ្វើសេចក្តីរាយការណ៍ថា តំបន់របស់ពួកគេ ជាច្រើននៅទូទាំងប្រទេសបានទទួលរងការវាយប្រហារពីសំណាក់កងកម្លាំងរដ្ឋាភិបាល ហើយមកដល់ពេលនេះការប្រយុទ្ធគ្នាមិនមានសញ្ញាថា នឹងបញ្ចប់នោះទេ ៕