ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រភព​មួយ​បាន​បែកធ្លាយ! លោក​អភិបាល​រាជធានី ៖ ស្នើសុំ​ដកចេញ​ពី​តំណែង​ប្រធាន​ពន្ធនាគារ(ប៉េ​ហ្ស៊ី)​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     បទល្មើស​នេសាទ ស្រុក​កំពង់ស្វាយ ក្រោម​ក្រ​ខ្សែ​ភ្នែក​មន្ត្រីជលផល​ដែល​អាជ្ញាធរ ធ្វើ​មិនដឹង​ឬ​ដឹង​ដែរ​តែ​មិន​ធ្វើ?​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ឧកញ៉ា គង់ ក្រឹ​ង យក​តួនាទី​រកស៊ី​ឈើ សាជាថ្មី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បី មេ​គយ លោក ខៀវ សារឿន យក​ជន​ស៊ីវិល​ក្លែង​ជាម​ន្ត្រី​គយ ចាំ​យកលុយ​ពី​ប្រជាជន និង​បង្ខំ​អោយ​ឈ្មួញ​ដឹកទំនិញ​បង់លុយ?

ល្បី មេ​គយ លោក ខៀវ សារឿន យក​ជន​ស៊ីវិល​ក្លែង​ជាម​ន្ត្រី​គយ ចាំ​យកលុយ​ពី​ប្រជាជន និង​បង្ខំ​អោយ​ឈ្មួញ​ដឹកទំនិញ​បង់លុយ?

ខេត្តស្វាយរៀង ៖ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​នាំចូល​បង់ពន្ធ និង​ក្រុម​ដឹកទំនិញ​វិនិយោគ​នាំចេញ-នាំចូល ក៏ដូចជា ក្រុម​ឈ្មួញ​រកស៊ី​បង់ពន្ធ​នាំចូល​មិន​គ្រប់​ជាដើម…បាន​ខ្លាចរអា និង​ស្អប់​ខ្ពើ​ប​យ៉ាងខ្លាំង​ចំពោះ​ទង្វើ លោក ខៀវ សារឿន ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្តស្វាយរៀង ក្តោប​អំណាច​ពេញដៃ​តែម្នាក់ឯង ចង់​ក្លាយជា​បុគ្គល​ពុករលួយ ទុកអោយ​អនុប្រធាន​សាខា៣រូប អត់​ការងារ​ធ្វើ មិនអោយ​អនុវត្តតាម​ផែន​ដែល​ខ្លួន​បាន​បែងចែក​អោយទទួល​ខុសត្រូវ គឺ​លោក ខៀវ សារឿន យក​ការងារ​របស់​អនុសាខា​ទាំង៣រូប ទៅអោយ​មន្ត្រី​គយក្មេងៗ ថ្មីៗ ជា​មនុស្ស​រកលុយ​អោយ​គាត់​ចាត់ចែង​ធ្វើ​ទាំងអស់។ ដោយឡែក​អនុប្រធាន​សាខា គឺ​គ្មាន​សិទ្ធ​អនុវត្តតាម​តួនាទី​ភារកិច្ច​ដែល​បាន​បែងចែក​តាម​ផែន​នោះទេ។

លោក ខៀវ សារឿន ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្តស្វាយរៀង ត្រូវបានគេទទួលស្គាល់​ថា មុន​គាត់​ចូលនិវត្តន៍ ត្រូវបង្កើត​គំនិត​ពុករលួយ តាមរយះ​គៀបសង្កត់​ឈ្មួញ​បង្ខំ​ឲ្យ​បង់ប្រាក់​សម្រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ខេត្ត​គាត់​គ្រប់គ្រង ដោយ​មិន​គិតពី ទំនិញ​បង់ពន្ធ​នាំចូល​ស្របច្បាប់ បង់ពន្ធ​នាំចូល​មិន​គ្រប់ ទំនិញ​លោតឆ័ត្រ​ជាដើម ។ ក្នុងនោះ​សូម្បីតែ​ទំនិញ​វិនិយោគ ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ​ក៏ដោយ ក៏​លោក ខៀវ សារឿន តម្រូវ​ឲ្យ​បង់លុយ និង​ធ្វើបាប​អាជីវករ ដែល​ដឹក​ផ្លែឈើ​គ្រាន់​រកស៊ី រក​អង្ករ​ច្រក​ឆ្នាំង​នោះ​ជាដើម យ៉ាងធ្ងន់ធ្ងរ។

តាមរយៈ​អំពើពុករលួយ​នេះ លោក ខៀវ សារឿន ហ៊ាន​ទាំង​ប្រព្រឹត្ត​បំពាន​ច្បាប់​ផ្ទុយ​ពី​ការណែនាំ របស់លោក​បណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ។

ក្រុម​ឈ្មួញ​បាន​បញ្ជាក់ថា លោក ខៀវ សារឿន តម្រូវ​ឲ្យ​រថយន្ត​ដឹកទំនិញធំៗដោយ​មិន​គិត បង់ពន្ធ​នាំចូល​គ្រប់, ឬ​មិន​គ្រប់ បង្កប់​ទំនិញ​នាំចូល​បង់ពន្ធ​ខ្ពស់​ក៏​មិន​គិត ទំនិញ​រសើប​លោតឆ័ត្រ, មិន​បង់ពន្ធ​ទាំងអស់​ក៏​មិន​គិត, សំខាន់​ត្រូវ​បង់​ក្បាល​រថយន្ត ក្នុង១រថយន្ត​ចំនួន២៥០ដុល្លារ​ទៅ៣០០ដុល្លារ និង​មិន​គិតពី​ការបង់ប្រាក់​ប្រចាំខែ សម្រាប់​ឈ្មួញ ឬ​ក្រុមហ៊ុន​មួយចំនួនទៀត ដែល​ដឹកទំនិញ​ឆ្លងកាត់​ខេត្តស្វាយរៀង ។ ដោយឡែក​ចំពោះ​រថយន្ត​ដឹកទំនិញ​វិនិយោគ ដែល​ពន្ធអាករ ជា​បន្ទុក​របស់​រដ្ឋ ក៏​លោក ខៀវ សារឿន បានកំណត់​ឲ្យ​បង់​ក្នុង១រថយន្ត២ម៉ឺន​រៀល​សម្រាប់​ថ្លៃ​បាយ ក្នុងនោះ​មានមួយថ្ងៃៗរាប់រយ​គ្រឿង ។ ក្រុម​ឈ្មួញ​បាន​បន្តថា បើ​និយាយ​អំពី​រថយន្ត​ទេសចរណ៍ រថយន្តក្រុង​ដឹក​អ្នកដំណើរ គ្រប់​ក្រុមហ៊ុន​គឺ​បង្កប់​ទំនិញគេចពន្ធ ដោយ​មិនអាច​ប្រកែក​បាន​យ៉ាងពិត ប្រាកដ​គឺ១០០ភាគរយ ។ ដូច្នេះ រាល់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បង្កប់​ទំនិញ​គេចពន្ធ​នេះ ក៏ត្រូវ​បង់​ក្បាល​រថយន្ត ជូន​លោក ខៀវ សារឿន តាម​ការទាមទារ​ដែរ ។ ប៉ុន្តែ​គេ​ពុំ​ដឹងថា ក្នុង១រថយន្ត​តម្លៃ​ប៉ុន្មាន? គ្រាន់តែ​ក្រុមហ៊ុន​ដឹកទំនិញ​ខ្លះ លួច​បង្ហើប​ថា​គ្រាន់តែ​រថយន្តក្រុង១គ្រឿង​ក៏១ខែ ត្រូវ​បង់ប្រាក់​សម្រាប់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​សរុប​ជាង១ម៉ឺន​ដុល្លារ ។ ខ​ណះ​រថយន្តក្រុង​ទាំង​របស់​ខ្មែរ និង​រថយន្តក្រុង​រប​ស់​វៀតណាម សុទ្ធតែ​បាន​លួច​បង្កប់​ដឹកទំនិញ​គេចពន្ធ និង​ជា​ប្រភេទ​ទំនិញ​បង់ពន្ធ​នាំចូល​ខ្ពស់។ នេះ​មិនទាន់​គិតពី​ទំនិញ​អេ​ឡិច​ត្រូ​និ​ច ទំនិញ​បង់ពន្ធ​នាំចូល​ខ្ពស់ តែ​បង់ពន្ធ​ជា​ទំនិញ​ផ្សេង និង​មិន​គ្រប់​ចំនួន​ជាដើម​ផង។

លោក ខៀវ សារឿន ក្រៅពី​ធ្វើ​កិច្ចការ​ក្នុងតួនាទី ភារកិច្ច​គាបសង្កត់​ឈ្មួញ គាត់​ក៏ មាន​ចេតនា​ទុច្ចរិត បំបាត់​ពន្ធ​រដ្ឋ ដើម្បី​បំពេញតម្រូវការ​ផលប្រយោជន៍​ឆ្នាំងបាយ​បុគ្គល​ខ្លួនឯង និង​បក្ខពួក ក៏ដូចជា​រក​ចំណូល​ក្រោម​តុ ដោយ​អំពើ​គៀបសង្កត់​ឈ្មួញ​សម្រាប់ តម្រូវការ​ថ្នាក់លើ​ផងដែរ ។ ក្នុង​នោះគេ​ទទួលស្គាល់ថា ក្នុងខែៗ លោក ខៀវ សារឿន រក​ចំណូល​ដោយ​អំពើពុករលួយ​របៀប​ប្រើ​ទម្លាប់​ខុសពី​ច្បាប់​គយ​បាន​រាប់ម៉ឺន រាប់សែន​ដុល្លារ ។ អ្វីដែល​ឈ្មួញ​តូចតាច​កំពុង​ធុញ ទ្រាន់​និង ស្អប់​បំផុត​នោះ ត្រង់​ថា លោក ខៀវ សារឿន បាន​ពង្រាយ​មនុស្ស​ឲ្យ​ចាំ​យកលុយ​ពី​ប្រជាពលរដ្ឋ​ដឹកទំនិញ​បន្តិច បន្តួច សម្រាប់​ដោះស្រាយ​ជីវភាព​ផ្ទាល់ខ្លួន តាម​ច្រក​ទ្វេភាគី ច្រករបៀង ដោយ​គាត់​ខ្វះ​មន្ត្រី​គយ លោក ខៀវ សារឿន បាន​ឲ្យ​កូន​អ្នកស្រុក ដែល​ពួកខ្លួន​ទុកចិត្ត​បន្លំ​ស្លៀក​ឯកសណ្ឋាន​ជា​គយ តាម​ច្រករបៀង ដើម្បី​យកលុយ​ពី ប្រជាពលរដ្ឋ​ដឹក​ឥ​វ៉ាន់ ។ កន្លងទៅ​ត្រូវបាន​គេ​រាយការណ៍​មក​ថា លោក ខៀវ សារឿន បាន​ឲ្យ​ជន​ស៊ីវិល​ស្លៀក​ឯកសណ្ឋាន​គយ​យកលុយ​ពី​ប្រជាពលរដ្ឋ​ដឹកទំនិញ មានដូចជា​នៅ​ច្រករបៀង ខ្សែ​ដែក , ច្រក​ដូង , ច្រក​ថ្នា​ធ្នង់ , ច្រក​តាំងយូ , ច្រក​តា​អី និង​ច្រក​ជាង១០កន្លែង​ទៀត។ ក្នុងនោះ​ជាក់ស្តែង​នៅ​ច្រក​ទ្វេរ​ភាគី​បុស​មន គឺ​តា​លីន មេ​គយ​ច្រក​បុស​មន បាន​ប្រើ​ឈ្មោះ​ផល ជា​ជន​ស៊ីវិល ត្រូវជា​កូនខ្មោច​តា​ម៉ៅ រស់នៅ​ភូមិ​ស្រម៉ ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង អោយ​ស្លៀក​ឯកសណ្ឋាន​គយ របៀប​ជា​ខោ​គយ ហើយ​យក​អាវធំ​ពណ៍​ខ្មៅ​ពាក់​ពីលើ​អាវ​គយបន្លំៗ ជា​មន្ត្រី​គយ​ចាំ​យកលុយ​ពី​ច្រករបៀង​តា​អី,ច្រក​ថ្នា​ធ្នង់ ,ច្រក​បុស​តូច ,ច្រក​បុស​មន ,ច្រក​ដូង ហើយ​នៅ​ច្រក​បុស​មន ក៏មាន​ជន​ស៊ីវិល២នាក់​ផ្សេងទៀត​ធ្វើការ​របៀបនេះ​ឋិត​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​តា​លីន ចាំ​យកលុយ​ពី​ឈ្មួញ ប្រជាជន​ដឹកទំនិញ។ មានន័យថា បើ​មន្ត្រី​គយ​របស់លោក ខៀវ សារឿន បី​ទៅ​បួន​នាក់ គឺ​គាត់​បាន​ពង្រាយ​យក​ជន​ស៊ីវិល ទៅ​បន្លំ​ឲ្យ​ស្លៀក​ឯកសណ្ឋាន​គយ ចាំ​យកលុយ​បាន​ជាង១០ ច្រករបៀង ។ ឈ្មួញ​បាន​លើកឡើងថា លោក ខៀវ សារឿន ខួរក្បាល​ពោ​ពេញ​ទៅដោយ​គំនិត​សេដ្ឋកិច្ច ប៉ុន្តែ​ជា​ចេ​នា​ទុច្ចរិត​បំបាត់​ពន្ធ​រដ្ឋ ដែល​ថ្នាក់លើ​គួរ​ដាក់​ភាព​សង្ស័យ​ឲ្យ​បាន​ច្រើន ជាង​ការទទួល​សំណូក​ពី​បុគ្គល​រូបនេះ ហើយ​ធ្វើ​ឲ្យ​ទិដ្ឋភាព​អនុវត្ត​ច្បាប់​របស់​មេ​គយ​រូបនេះ ប៉ះពាល់​ដល់​សង្គម​ប្រជាធិបតេយ្យ នៃ​ប្រទេស​គ្រប់គ្រង​ដោយ​ច្បាប់ ។

គេ​បាន​រំឭកថា បើ​រថយន្តក្រុង​ដឹកទំនិញ​គេចពន្ធ​ភាគច្រើន​ជា​ប្រភេទ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច គ្រឿង​ម៉ាស៊ីន ប្រេងម៉ាស៊ីន ភេសជ្ជៈ ស្រា​បៀរ​ដែលមាន​តម្លៃ​បង់ពន្ធ​នាំចូល​ខ្ពស់។ល។ ត្រូវបាន​បង់​ប្រចាំខែ​ឲ្យ​លោក ខៀវ សារឿន មេ​គយ​រូបនេះ ក្នុងខែៗរាប់ម៉ឺន​ដុល្លារ គ្រប់​ក្រុមហ៊ុន ។ ផ្ទុយទៅវិញ បើ​មិនបាន​ផ្តល់ដំណឹង ឬ​មិន​មក​ពឹងពាក់ អាស្រ័យ​ចរចារ​មុន​ទេ កុំថាឡើយ​ទំនិញ​អត់​ពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់ ទាំង​ទំនិញ​វិនិយោគ ទាំង​ទំនិញ​នាំចូល​ស្របច្បាប់​គឺ លោក ខៀវ សារឿន ប្រើប្រាស់​មន្ត្រី​របស់ខ្លួន​ឲ្យ​ទៅ​អុកឡុក​រំខាន ក្នុង​គោលបំណង​គោះ​ទឹក​ប​ង្អើ​រ​ត្រី ដើម្បី​រត់​មក ជួបចរចា​បង់លុយ​ប្រចាំ​ក្បាល​រថយន្ត និង​ប្រចាំខែ ។

អាជីវក​រដឹក​ផ្លែឈើ​បាន​លើកឡើងថា ទាំង​លោក ខៀវ សារឿន ទាំង​មន្ត្រី​គយ​ចល័ត​របស់គាត់ បាន​គៀបសង្កត់ និង​ធ្វើបាប​ពួកគាត់ ណាស់ ជួន​យក​តម្លៃ​ទាប ជួន​យក​តម្លៃ​ខ្ពស់ ឬ​កាក់​ឡាន​ទុក​សិន ធ្វើ​ឲ្យ​ពួកគាត់​ភ័យខ្លាច​ផ្លែឈើ​ទុក​យូរ​ខូចគុណភាព ម្ល៉ោះហើយ​បង្ខំចិត្ត​អោយ​លុយ​ខ្ពស់​លើសពី​ធម្មតា ដើម្បី​មានឱកាស​យក​រថយន្ត​ដឹក​ផ្លែឈើ​ចេញពី​ទីតាំង​គយ​ចល័ត​លើផ្លូវ​ជាតិ​លេខ១ របស់លោក ខៀវ សារឿន។

ផ្ទៃក្នុង​បាន​ទម្លាយ​ថា លោក ខៀវ សារឿន ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តស្វាយរៀង បាន​ប្រើ​អំណាច​ផ្តាច់ការ ប្រមូល​លុយ​ដោយ​សម្រុក​ពី​ឈ្មួញ មុន​ខ្លួន​ត្រូវ​ចូលនិវត្តន៍ ក្នុងនោះ​ការងារ​ដែល​បែង​តាម​ផែន​អោយ​អនុប្រធាន​សាខា៣រូប ទទួលបន្ទុក​ធ្វើការ បែរជា​មានតែ​តួនាទី ភារកិច្ច លើ​ក្រដាស ផ្ទុយទៅវិញ​ការងារ​ជាក់ស្តែង​គឺ​លោក ខៀវ សារឿន អោយក្មេងៗមន្ត្រី​គយ​ថ្មី​ធ្វើ​ទាំងអស់ ងាយស្រួល​បង្វិល លាក់លៀម​នៃ​អំពើពុករលួយ។

គេ​បញ្ជាក់ថា របៀប​រកលុយ​នៅ​សាខា គឺ​លោក ខៀវ សារឿន ប្រើ​មន្ត្រី​គយក្មេងៗ ទើប​មក​ធ្វើការ​ថ្មី​ជា​អ្នកចាត់ចែង ដើរ​តាម​បន្ទាត់​គាត់​ណែនាំ ។ ដោយឡែក​រកលុយ​ពី​ឈ្មួញ​ដឹកទំនិញ​លើផ្លូវ​ជាតិ ក្រុម​ឈ្មួញ​ដឹកទំនិញ​លោតឆ័ត្រ គឺ​លោក ខៀវ សារឿន ប្រើ​មន្ត្រី​គយក្មេងៗដែរ តែ​ជាម​ន្ត្រី​គយ​មក​ធ្វើការ​មុន មន្ត្រី​គយក្មេងៗនៅ​សាខា ក្នុងនោះ​ដូចជា​ក្រុម​គយ​ចល័ត​ជាដើម។

បញ្ហា​ទាំងនេះ គេ​មានជំនឿថា ថ្នាក់លើ សំដៅទៅ លោក​បណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ កម្ពុជា អាច​ទទួល​ប្រយោជន៍​ដែរ ទើប​លោក ខៀវ សារឿន ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ ហ៊ាន​ដឹកនាំ​ការងារ​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ថ្នាក់លើ ដូចជា​ទទួល​សំណូក​ពី​ទំនិញ​ក្លែងភេទ ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ ជាមួយ​ក្រុមហ៊ុន អោយ​ទំនិញ​បង់ពន្ធ​នាំចូល​ខ្ពស់ មក​បង់ពន្ធ​ទាប​ជា​ប្រភេទ​ទំនិញ​ខុសពី​ប្រតិវេទន៍​គយ ហើយ​បង់ពន្ធ​មិន​គ្រប់​ចំនួន​ទៀត។

ពាក់ព័ន្ធ​ករណី​រិះគន់​នេះ សារព័ត៌មាន​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​ពី លោក ខៀវ សារឿន ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្តស្វាយរៀង នៅ​រសៀល​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ។ ដោយឡែក​ជំនួយការ​គាត់ ទូរស័ព្ទ​ចូល​អត់​មាន​អ្នកទទួល៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya