ប៉ៃលិន៖ ច្រករបៀងលួចលាក់មួយកន្លែង ត្រូវគេលួចបង្ហើបឲ្យដឹងថា កំពុងបើកដៃ ឲ្យឈ្មួញនាំទំនិញខូចគុណភាពគេចពន្ធជាច្រើនប្រភេទ ឆ្លងកាត់ ពិសេសគឺហ្គាស ត្រូវបានគេនាំចូលជារៀងរាល់ថ្ងៃ យ៉ាងគគ្រឹកគ្រេងសប្បាយកើបប្រាក់ណាស់។
ប្រភពព័ត៌មានបានឲ្យដឹងថា ច្រករបៀងលួចលាក់នេះមានទីតាំងស្ថិតនៅខាងជើង ជិតច្រកទ្វារអន្តរជាតិព្រំ កម្ពុជា-ថៃ ដែលស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ច្រកនេះយាមដោយកម្លាំងនគរបាល ព្រំដែន ទាហានការពារព្រំដែន និងកំលាំងសន្តិសុខកងរាជអាវុធហត្ថ ។ ប៉ុន្តែមន្ត្រីទាំងនោះក្លាយទៅជាចាំ តែហុចដៃ
យកលុយពីឈ្មួញ នាំទំនិញខុសច្បាប់ដាក់ហោប៉ៅទៅវិញ ។
ឈ្មួញម្នាក់បាននិយាយដោយមិនលាក់លៀមថា គាត់បានដឹកហ្គាសគេចពន្ធនេះ ឲ្យអ្នកមានអំណាចម្នាក់ នៅក្នុងខេត្តប៉ៃលិន ដូច្នេះហើយទើបសមត្ថកិច្ចគ្រប់ប្រភេទជួយសំរួលឲ្យគាត់ បានដឹកចេញងាយស្រួលដោយគ្រាន់តែបង់លុយប៉ុណ្ណោះ។ ឈ្មួញនោះបានបន្ថែមថា ក្នុងមួយធុងមានចណុះ១៥គីឡូក្រាម គាត់ចំណាយអស់៩០បាត
(ប្រាក់ថៃ) គាត់យកទៅបោះក្នុងក្រុងប៉ៃលិន ពេលខ្លះយកទៅដល់ខេត្តបាត់ដំបងទៀត ដោយគ្រាន់តែបង់ឲ្យសមត្ថកិច្ចតាមផ្លូវគឺចប់។ គាត់ដឹកក្នុងមួយថ្ងៃបាន១០ធុងដោយដាក់ក្នុងរថយន្តកាមរីគូទហើមរបស់គាត់។
ទាក់ទិនហ្គាស និងទំនិញគេចពន្ធនេះដែរកន្លងមក លោក សុខ សាវុធ ប្រធានច្រកទ្វារអន្តរជាតិព្រំដែន កម្ពុជា-ថៃបានថា ច្រកនេះគឺជាដែនសមត្ថកិច្ច របស់លោកតែបញ្ហានេះលោក មិនបានដឹងទេ ចាំលោកចាត់កំលាំងទៅត្រួតពិនិត្យ បើមានមែនលោកនឹងបង្ក្រាប តែទំនងជាគ្មានសង្ឃឹមថា លោកសាវុធ ធ្វើបាននោះទេ ព្រោះនេះជាឆ្នាំងបាយរបស់គាត់ស្មោះ។
លោក អ៊ុក វណ្ណច័ន្ន ប្រធានគយនៅច្រកទ្វារអន្តរជាតិ វិញបានឲ្យដឹងថា នេះជាដែនសមត្ថកិច្ចខាងកងកំលាំងការពារព្រំដែនទេ លោកមិនអាចលូកដៃបានទេ ម្យ៉ាងទៀតខាងគយរបស់លោកមានកំលាំងតិចផង ហើយលោកដាក់កំលាំងឈរជើង តាមច្បាប់កំណត់ប៉ុណ្ណោះ។
គេនិយាយថា កន្លងមកទំនិញគេចពន្ធទាំងនេះ គេពុំដែលឃើញមានមន្ត្រីច្រកទ្វារអន្តរជាតិណាម្នាក់ចេញមុខចាត់វិធានការ ចុះបង្ក្រាបនោះទេ ផ្ទុយទៅវិញពួកគេបើកដៃឲ្យឈ្មួញដឹកដោយសេរី ដោយគ្រាន់តែបង់លុយជាការស្រេច ទំនងជាមានការឃុបឃិតគ្នាជាប្រព័ន្ធហើយមើលទៅ៕ ដោយ៖ នាយដន