ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ទើរមួយរាជធានីភ្នំពេញ ដោយសារ យុវជនម្នាក់ ស្រវឹងស្រាបើករថយន្ត Rav4 លឿនរេចង្កូតបុក រះម៉ូតូ៥គ្រឿងដែលចតនៅស្ងៀម ខូចខាតទាំងស្រុង ហើយរថយន្តព្យាយាម បើកថយក្រោយ ដើម្បីរត់ក៏បុករ៉ឺម៉កកង់បី មួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់និងស្រាល ក្នុងនោះ ក៏មានជនជាតិបរទេសពីរ នាក់ផងដែរ ។
ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។
យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ យុវជនម្នាក់មិនទាន់ស្គាល់ អត្តសញ្ញាណវ័យប្រហែល ជាង២០ឆ្នាំ ស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំ បានបើករថយន្តមួយគ្រឿង ម៉ាកRav4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1738 ធ្វើដំណើរតាម បណ្តោយ ផ្លូវលេខ១៣០ ក្នុងទិសដៅពីលិចទៅ
កើត យ៉ាងលឿន លុះដល់ចំណុចកើតហេតុ បានរេចង្កូតបុករះម៉ូតូចំនួន ៥គ្រឿង ខូចខាតទាំងស្រុង ដោយទី១ ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ទី២ម៉ាកវីវ៉ា ពណ៌ក្រហម ទី៣ ម៉ាកមីអូ ពណ៌ក្រហម លាយខ្មៅ ទី៤ ម៉ាកសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល និងទី៥ ម៉ូតូអាត្រៃ ប្រភេទម៉ូតូធុនធំ ពណ៌ខ្មៅ។
សាក្សីបន្តថា ក្រោយពីបុករះម៉ូតូទាំង៥គ្រឿង រួចមករថយន្តបង្កបើកបួងចង្កូត រថយន្តគេចចេញពីកន្លែងកើតហេតុ បំណង គេចខ្លួនក៏ជ្រុលទៅបុករ៉ឺម៉ក់កង់បីមួយគ្រឿង ដែលកំពុងបើកបរតាមផ្លូវ១៣០ បណ្តាលឲ្យជនជាតិ បរទេសពីរនាក់ ដែលជិះលើ រ៉ឺម៉កកង់បីត្រូវរងរបួសធ្ងន់ធ្ងរ ហើយម្ចាស់កង់បី និងប្រជាពលរដ្ឋពីរនាក់ ផ្សេងទៀត ក៏ត្រូវ
រងរបួសស្រាលផងដែរ។
បន្ទាប់ពីកើតហេតុ រថយន្តបង្កនៅមិនទាន់អស់ចិត្តបានបើកថយក្រោយកិនម៉ូតូ ហើយបើករត់គេចខ្លួនពេញ ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ប៉ុន្តែត្រូវប្រជាពលរដ្ឋ និងអ្នកដំណើរ បានសហការ ជាមួយសមត្ថកិច្ច មូលដ្ឋាន ដេញស្ទាក់គ្រប់ច្រកល្ហកព័ទ្ធចាប់ រថយន្តបង្កហេតុ ខាងលើបាននៅចំណុចផ្លូវព្រះមុន្នីវង្សកែងផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះ
ចត ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានចាប់ខ្លួនអ្នកបើកបរ រថយន្តបង្ក និងអូសយកឡានទៅរក្សាទុកនៅទីស្នាក់ការ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចត ដើម្បីការពារសុវត្ថិភាព ជៀសវាងប្រជាពលរដ្ឋ និងអ្នកដំណើរផ្ទុះ ហិង្សា នាំគ្នាព្រួតវាយ អ្នកបើកបររថយន្តបង្ក។ សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍នេះ អ្នករងរបួសសរុបចំនួន៥នាក់ ពីរនាក់ជាជនជាតិបរទេស រងរបួសធ្ងន់ត្រូវរថយន្តសាមុយ មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ និងមនុស្ស បីនាក់ទៀតជាជនជាតិខ្មែររងរបួសស្រាល។
ចំណែក រថយន្តបង្កម៉ាក Rav4 និងម៉ូតូចំនួន៥គ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយ នគរបាលជំនាញចុះវាស់វែង អូសយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនិយាយថា បញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ បង្កឲ្យភ្ញាក់ផ្អើលស្ទើរ មួយរាជធានីភ្នំពេញនេះបង្កឡើងដោយសារ ម្ចាស់រថយន្តស្រវឹងស្រា បើកបរលឿន គ្មានការប្រុងប្រយ័ត្នមិនគិតពីគ្រោះថ្នាក់ខ្លួនឯងនិង អ្នកដទៃ ទើបបើកដល់ ចំណុចកើតហេតុ ទំនងស្រវឹងធ្លាក់ភ្នែកមើលអ្វីពុំឃើញ ក៏រេចង្កូតបុករះម៉ូតូនិងរ៉ឺម៉កកង់បីបង្កជាគ្រោះថ្នាក់គួរឲ្យញាក់សាច់ តែម្តង៕
ដោយ៖ លីហ៊ាង
» ព័ត៌មានជាតិ » RAV4 បុករះម៉ូតូនិងរ៉ឺម៉កកង់បី៦គ្រឿង របួសធ្ងន់ស្រាល៥នាក់