ភ្នំពេញ ៖ ជនជាតិចិនតៃវ៉ាន់ម្នាក់ដែលជានាយកគ្រប់គ្រងរោងចក្រផលិត ស្បែកជើងយីហោមែកណែតហ្វូតវែរ ត្រូវគេឃើញស្លាប់ក្នុងបន្ទប់រោងចក្រ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចអាជ្ញាធរនិងបុគ្គលិកក្នុងរោងចក្រកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះវ៉ាងហ្ស៊ូ រ៉ង (Wang Juirong) ភេទប្រុស អាយុ៤៨ឆ្នាំ ជានាយកគ្រប់គ្រងរោងចក្រផលិតស្បែកជើងមែកណែតហ្វូតវែរ ហើយត្រូវបានសមត្ថកិច្ចបច្ចេកទេស និងពេទ្យតុលាការចុះទៅធ្វើកោសល្យវិច័យបានសន្និដ្ឋានថា ស្លាប់ដោយគាំងបេះដូង មិនមែនជាអំពើអត្តឃាតឬឃាតកម្មទេ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនាយកក្រុមហ៊ុនរូបនេះបានចូលទៅដេកក្នុងបន្ទប់ នៅក្នុងរោងចក្រដូចធម្មតា ។ លុះដល់ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ គេមិនឃើញគាត់ក្រោកពីដំណេកហើយមិត្តភក្តិ និងបុគ្គលិកដែលបម្រើការងារនៅក្នុងរោងចក្របានទូរស័ព្ទចូលតែ មិនលើកទទួល ។ លុះដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែលទើបគេនាំគ្នាចូលទៅហៅគាត់ឱ្យហូប អាហារក៏ឃើញគាត់ដេកស្លាប់រឹងដូចគល់ឈើបាត់ទៅហើយ ។
បច្ចុប្បន្នសពបុរសជនជាតិចិនតៃវ៉ាន់រូបនោះត្រូវបានគេយកទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំសាច់ញាតិ របស់គាត់មកចាត់ចែងតាមប្រពៃណីរបស់គេ ៕ ដោយ៖ នាយរំពេរ