ភ្នំពេញ: ប្រទេសកម្ពុជា ត្រៀមនឹងរៀបចំប្រារព្ធខួបលើកទី៥ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៣។ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលនឹងមានអ្នកចូលរួមជិត២ម៉ឺននាក់ បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
នៅក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១កក្កដាកន្លងទៅនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្តេច ហ៊ុន សែន ដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ នៅខេត្តកំពង់ស្ពឺ បានប្រកាសអំពីការត្រៀមរៀបចំ ធ្វើពិធីខួបលើកទី៥ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកត្រូវបានប្រកាសធ្វើនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានអ្នកចូលរួមជិត២ ម៉ឺននាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលផងដែរ។
ការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ត្រូវគេចាត់ទុកជាស្នាដៃប្រវត្តិសាស្ត្រមួយ សម្រាប់រដ្ឋាភិបាលអាណត្តិទីបួន ដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែន។ ប៉ុន្តែវាបានធ្វើអោយមានកំហឹង នៅក្នុងប្រទេសថៃ ដែលបរាជ័យនៅក្នុងការរារាំងមិនអោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដាក់ប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
តាម កម្មវិធីដែលបានត្រៀមទុកនោះ គឺកម្មវិធីត្រូវបានចាប់ផ្តើមឡើងនៅម៉ោង១៦រសៀលនឹងត្រូវបញ្ចប់ នៅវេលាម៉ោង២១ក្នុងរាត្រីថ្ងៃទី៧ កក្កដា ខាងមុខនេះ ក្រោមអធិបតីភាពឯឧត្តមបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងលោកជំទាវ។
តាមគំរោងនោះដែរត្រូវបានរៀបចំបែងចែកភារកិច្ចជាច្រើនស្ថាប័ន ក្នុងនោះរួមមានទី១-គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ, ទី២-ក្រសួងការពារជាតិដែលមានកងទ័ពមានជើងទឹក ជើងគោកនិងអាកាសមានចំនួន១៥០នាក់, ទី៣-ទីស្តីការគណៈរដ្ឋមន្ត្រី, ទី៤ក្រសួងអប់រំយុវជននិងកីឡា, ទី៥-អាជ្ញាធរអគ្គិសនីកម្ពុជា, ទី៦-ស្ថានីយទូរទស្សន៍បាយ័ន, ទី៧-វិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា, ទី៨-សហភាពសហព័ន្ធយុវជនកម្ពុជាដែលមានសិស្ស និស្សិត បញ្ញវ័ន្តចំនួន១ម៉ឺន២ពាន់នាក់ និងទី៩សាលារាជធានីភ្នំពេញ។ ក្នុងកម្មវិធីនេះគឺមានការប្រគំតន្ត្រីនិងមានការបាញ់កាំជ្រួចដើម្បី អបអរសាទរ ហើយគ្រប់បណ្តាទូរទស្សន៍ជាតិកម្ពុជាទាំងអស់ត្រូវបានផ្សាយបន្តផ្ទាល់។
លោក ប៉ា សុជាតិវង្ស បានមានប្រសា-សន៍លើកឡើងក្នុងកិច្ចប្រជុំនោះថា ដោយសារក្នុងខែកក្កដានេះចំរដូវភ្លៀងទើបយើងទាំងអស់គ្នាយក ទីតាំងតារាងបាល់ទះនៃស្តាតអូឡាំពិកធ្វើជាកន្លែងប្រារព្ធពិធី។ ក្នុងកម្មវិធីនោះទាំងអ្នកចម្រៀងនិងអ្នកចូលរួមព្រមទាំងគណៈ អធីបតី គឺសុទ្ធតែច្រៀងចម្រៀងពង្សាវតារខ្មែរ បង្កអោយពិធីនេះមានភាពគគ្រឹកគគ្រេងឡើង ហើយនឹងបង្ហាញរូបភាពស្លៃឯកសារផងដែរ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថាយើងពិតជាមានមោទនភាពខ្លាំង ណាស់ចំពោះជោគជ័យរបស់កម្ពុជាយើងដែលត្រូវបានអង្គការយូណេស្កូ ចាត់បញ្ចូលប្រាសាទព្រះវិហាររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភព លោក។ សំរាប់ខួបកំណើត៥ឆ្នាំនៃការបញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិ បេតិកភណ្ឌពិភពលោកនៅក្នុងថ្ងៃទី៧ កក្កដាខាងមុខនេះយើងនឹងប្រារព្ធធ្វើឡើងអោយបានធំ ដោយមានយុវជនចូលរួមជាង១ម៉ឺននាក់ ហើយក្នុងកម្មវិធីនោះអ្វីដែលជារូបភាពបានប៉ះទង្គិចគ្នាជាមួយកង ទ័ពថៃកន្លងមកជុំវិញរឿងរ៉ាវប្រាសាទព្រះវិហារនេះត្រូវតែចាត់ បញ្ចូល ដើម្បីអោយយុវជនយើងបានឃើញពីអ្វីដែលធ្លាប់កើតមានក្រោយពីប្រាសាទ ព្រះវិហាររបស់យើងត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ហើយអ្វីដែលបានកើតវាជាការពិត ៕