បន្ទាយមានជ័យៈ បុរសវ័យចំណាស់ម្នាក់រួមទាំងកូនប្រុសម្នាក់ផងដែរបានស្លាប់ភ្លាមៗដោយសារជិះម៉ូតូទៅបុករថយន្តដែលគេចកស្ងៀមនៅលើចិញ្ចើមផ្លូវកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្លូវខាងលិចភូមិរំដួល ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។
សាក្សីឃើញហេតុការណ៌បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាកវ៉េវព៏ណខ្មៅគ្មានស្លាកលេខ ឌុបកូននៅខាងក្រោយ ក្នុងល្បឿនយ៉ាងលឿន ទំនងជាចាំងភ្លើងរថយន្តមើលពុំឃើញរថយន្តម៉ាកហ៊ីយ៉ានដាយដឹកស្រូវ ដែលគេចតចោលលើចិញ្ចើមផ្លូវ ក៏បុកគូថពីក្រោយយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យឪពុកនិងកូនទាំង២នាក់នោះបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សមត្ថកិច្ចប៉ូលិសចរាចរណ៏ ស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ឳពុកកូនមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយឡែកម៉ូតូរងនូវការខូចខាតស្ទើរតែទាំងស្រុង។សាកសពត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលភ្នំលាភ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
រីឯម្ចាស់រថយន្ត បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ សូមជំរាបថា យោងតាមច្បាប់ ចរាចរណ៏ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា រថយន្តដែលចតតាមដងផ្លូវ ឬខូចត្រូវដាក់សញ្ញាសំគាល់ឬក៏កាច់មេឃឈើ ដាក់សំគាល់ចម្ងាយយ៉ាងហោចណាស់ ក៏១០ទៅ២០ម៉ែត្រដើម្បីឲ្យគេបានដឹង បើពុំដូចច្នោះទេច្បាស់ជាមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃជាក់ជាមិនខាន ជាក់ស្តែងដូចជាករណីខាងលើនេះជាដើម៕ដោយ ខៀវ បូរី