ភ្នំពេញ ៖ បុរសម្នាក់ដែល គេដឹងថា ជាភ្នាក់ងាររបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅថ្ងៃទី១១ ខែធ្នូ នេះឃុំខ្លួនដាក់ពន្ឋនាគារ ពីបទឆបោកប្រាក់ ក្នុងសំណុំរឿងយកដីប្រឡាយទឹករបស់រដ្ឋលក់ឲ្យអ្នកដទៃក្នុងតម្លៃ ១៥.០០០ដុល្លារ ។
ជនជាប់ចោទ ឈ្មោះ វ៉ែន ថាត អាយុ៤៣ឆ្នាំ មានទីលំនៅមុនចាប់ខ្លួន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ខណៈកំពុងអង្គុយផឹកកាហ្វេ ហើយត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០១៣ ដើម្បីសាកសួរ ជុំវិញដំណើររឿងពីបទឆបោក។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីពាក់កណ្តាលឆ្នាំ២០១៣ ឈ្មោះ ហោ ពៅ ភេទប្រុស បានស្វែងរកទិញដីមួយកន្លែង ហើយឈ្មោះ វ៉ែន ថាត បានអះអាងថា មានដីលក់មួយកន្លែងស្ថិតសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ទំហំបណ្តោយ១០ម៉ែត្រគុណ នឹងទទឹង២០ម៉ែត្រ ក្នុងតម្លៃ១៥.០០០ដុល្លារ ។ ក្រោយជួបចរចារត្រូវរ៉ូវគ្នា ឈ្មោះ ហោ ពៅ បានបង់ប្រាក់កក់ថ្លៃដីចំនួន២០០០ដុល្លារជាមុន ។ ប៉ុន្តែ ថ្ងៃមួយ ឈ្មោះ ហោ ពៅ បានចុះទៅពិនិត្យដីមួយកន្លែងនោះ ដោយមានការបញ្ជាក់ពីអាជ្ញាធរផង ទើបដឹងថា ការពិតដីនោះ ជាដីប្រឡាយទឹករបស់រដ្ឋ ហើយឈ្មោះ ហោ ពៅ ទាមទារប្រាក់ចំនួន ២០០០ដុល្លារពី ឈ្មោះ វ៉ែន ថាត មកវិញ៕