ភ្នំពេញ ៖ កាលពីវេលាម៉ោង ០១និង១០នាទីយប់ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៥ កែងផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។ បុរសម្នាក់បានបើកម៉ូតូសណ្តោងរ៉ឺម៉ក់ដឹកបន្លែ ជ្រុលទៅបុកពីក្រោយម៉ូតូសង់កូរ៉េ ១គ្រឿង ជិះដោយបុរសម្នាក់ បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសរលាត់
ដៃរលាត់ជើង ។
ប្រភពពីសមត្ថកិច្ចដែលចុះមកដល់កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉ក់ មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវលេខ២០៥ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កន្លែងកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុកម៉ូតូម៉ាកសង់កូរ៉េ មួយគ្រឿង ពណ៌ក្រហម ស្លាកលេខតាកែវ 1E-0212 ជិះដោយបុរសម្នាក់ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូសង់កូរ៉េដួលបោកទៅនឹងថ្នល់រងរបួសស្រាល ហើយម៉ូតូបានរងការខូចខាតបន្តិចបន្តួចផងដែរ ៕