ភ្នំពេញ ៖ ករណីជនមិនស្គាល់មុខគប់រថយន្ដរបស់ លោក បណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខនេះ ត្រូវបានលោកផែង វណ្ណៈ ចាត់ទុកថា សង្ស័យអាចមកពីការសរសេររិះគន់នៅលើ បណ្ដាញទំនាក់ទំនងសង្គមហ្វេកប៊ុក ដែលលោកតែងតែសរសេរនិងបញ្ចេញទស្សនៈផ្សេងៗទៅលើមេដឹកនាំគណបក្សប្រឆាំង ។
រថយន្ដរបស់លោកផែង វណ្ណៈ ដែលមានតួនាទី ជានាយរង ការិយាល័យម្នាក់ នៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ត្រូវបានជន មិនស្គាល់មុខ ជិះម៉ូតូតាមគប់និង ដុំថ្ម បណ្ដាលឱ្យរង ការខូចខាត កញ្ចក់ផ្នែក ខាងមុខ ខណៈដែលកូនប្រុសរបស់លោក កំពុងបើកតែម្នាក់ឯង ចេញពីរៀននៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ
ហើយឆ្ពោះទៅផ្ទះរបស់ខ្លួន នៅក្រុងតាខ្មៅ ខេត្ដកណ្ដាល ពេលបើកហួស ស្ពានអាកាសក្បាលថ្នល់ បានបន្ដិច ក៏ជួបហេតុការណ៍នេះតែម្ដង ។
លោកផែង វណ្ណៈ បាននិយាយថា នៅវេលា ម៉ោងប្រមាណ៧និង២០នាទីយប់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៣ កូនប្រុសរបស់លោក បានបើករថយន្ដម៉ាកលុច្សស៊ីស IS250 ពណ៌ទឹកមាស ពាក់ស្លាកលេខត្រឹមត្រូវ ចេញពីរៀននៅ សាកលវិទ្យាល័យមួយ ក្នុង រាជធានីភ្នំពេញ រួចហើយធ្វើដំណើរទៅផ្ទះ លុះពេលឆ្លងផុត ស្ពានអាកាសក្បាលថ្នល់
ស្រាប់តែលេចមុខ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង តាមពីក្រោយ គប់ដុំថ្ម មកលើកញ្ចក់ខាងមុខ ផ្នែកខាងឆ្វេង បណ្ដាលបែក ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ៕