កំពង់ឆ្នាំង៖ នៅម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ ត្រង់ចំណុចផ្លូវខ្វែងជា៤ស្ថិតក្នុង ភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខណៈដែលយុវជនរូបនោះជិះម៉ូតូលឿនទៅបុកម៉ូតូគេពីក្រោយយ៉ាងពេញទំហឹង ក្នុងទិសដៅស្របគ្នា ។
សមត្ថកិច្ចដែលបានទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះព្រុំ សៅរ៉ុន អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ បានបើកម៉ូតូវ៉េវ ពណ៌ស្លែ គ្មានពាក់ស្លាកលេខ ក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយលំ លុះមកដល់ចំណុចកើតហេតុក៍បានបុកម៉ូតូសង់កូរ៉េពីក្រោយ
យ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនរូបនោះដួលបោកក្បាលរងរបួសធ្ងន់ ចំណែកបុរសម្នាក់ដែលជិះម៉ូតូសង់កូរ៉េគ្រាន់តែរបួសស្រាល ។ ម៉ូតូវ៉េវបានខូចមួយកំណាត់មុខ និងម៉ូតូសង់កូរ៉េខូចមួយកំណាត់ក្រោយ ត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុកនៅប៉ុស្តិនគរបាលឃុំពង្រ ដើម្បីចាត់ការតាមនីតិវិធី។ដោយឡែកជនរងគ្រោះឈ្មោះ ព្រុំ សៅរ៉ុនត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត៕