ភ្នំពេញ: បើកម៉ូតូបុកម៉ូតូបណ្តាលឲ្យយុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសធ្ងន់ដោយសារបើកម៉ូតូបុកគ្នា កាលពីម៉ោងជាង៨យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ នៅបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខនឹងក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ជិនធាននៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ជនរងគ្រោះដែលបានស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុនោះឈ្មោះឯម ភាព អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះលេខ៤១៤ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ និងមិត្រភក្តិម្នាក់ទៀត ដែលជិះជាមួយរងរបួសបាក់ជើងខាងស្ដាំ ឈ្មោះ សុខ ខា អាយុ២០ឆ្នាំ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ រ៩២៧៣ ភព១។ ចំណែកភាគីម្ខាងទៀតរងរបូសធ្ងន់ទាំង២នាក់ ឈ្មោះតាំង សុជាតិ អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិឡរកំបោរសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ និង ឈ្មោះសួង សាវុ អាយុ៤៧ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅភូមិសង្កាត់ជាមួយគ្នា។ ពួកគេធ្វើដំណើរដោយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ។
ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញភាគីដែលធ្វើដំណើរតាម ម៉ូតូសង់កូរ៉េពីជើងមកត្បូងតាមផ្លូវជាតិលេខ៥ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែឃើញបត់ត្រឡប់ក្រោយ។ ដំណាលគ្នានោះស្រាប់ក៏មានម៉ូតូហុងដាបើកលឿនដូចគ្នា ក្នុងទិសដៅបញ្ច្រាសទិស ជាន់ហ្វ្រាំងមិនជាប់ ក៏បុកគ្នាពេញទំហឹង បណ្ដាលអោយម៉ូតូសង់កូរេបាក់ដាច់ករម៉ូតូជា២កំណាត់ ហើយអ្នកបើកម៉ូតូសង់កូរ៉េ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ រីឯភាគីម្ខាងទៀតរងរបួសធ្ងន់សន្លប់ស្តូកស្តឹងត្រូវបានរថយន្ដ សង្គ្រោះដឹកយកទៅសង្គ្រោះ៕