ពោធិ៍សាត់ ៖ប្រជាពលរដ្ឋស៊ីឈ្នួលដឹកឈើឱ្យឈ្មួញជាច្រើនបានរាយការណ៍ឲ្យកាសែតអរិយធម៌ដឹងថាក្រុមមន្ដ្រីបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលគ្រប់គ្រងដោយលោក ប៉ាន់ មរកត ជាប់ពាក់ ព័ន្ធអំពើពុករលួយដោយលួចរកស៊ីជាមួយឈ្មួញឈើខុសច្បាប់ និងឃុបឃិតគ្នាកាប់ បំផ្លាញព្រៃឈើក្នុងដែនដែលខ្លួនគ្រប់គ្រង។
ដោយក្រុមមន្ដ្រីបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្ដពោធិ៍សាត់នេះគេចែកចេញជា៣ក្រុមដើម្បី បោះទីតាំងដាក់ស្នាក់ការការពារដោយទីតាំង ទី១-ត្រង់ចំណុចយោក ស្ថិតក្នុងឃុំឈើ តុំស្រុកក្រគរ, ទី២-ចំណុចអូររឺស និងទី ៣-ត្រង់ចំណុចអំពិលចំណុចទាំង២នេះ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រៃ ស្រុកភ្នំក្រវាញ ។
ប្រភពដដែលបានឱ្យកាសែតអរិយធម៌ដឹងទៀតថា ទីតាំងនីមួយៗមានមេក្រុមគ្រប់គ្រងផ្សេងៗគ្នាដែលមាន លោក ប៉ាន់ មរកត ជានាយកនិងឈ្មោះ ភួង ស្រៀវ ប៉ុន្ដែការពិតកន្លែងដាក់ស្នាក់ការគឺដើម្បីជំរិតទារប្រាក់ពីអ្នករកស៊ីឈើ ប៉ុណ្ណោះដោយក្រុមនេះពេលអ្នកបរទេះក្របីទទេឡើងទៅដឹកឈើត្រូវបង់លុយពី១៥ម៉ឺនរៀលទៅ២០ម៉ឺនរៀល ក្នុង
មួយរទេះប៉ុន្ដែនៅពេលពួកគាត់បររទេះ ដឹកឈើប្រណីតមកវិញក្រុមមន្ដ្រីនេះតម្រូវឱ្យម្ចាស់ឈើជាឈ្មួញបង់លុយ១០០ដុល្លារក្នុងមួយរទេះថែមពីលើទៀត បើមិនឱ្យទេ ពួកគេនឹងចាប់។
មិនត្រឹមតែប៉ុណ្ណោះក្រុមមន្ដ្រីខាងលើបានចូលដៃ ចូលជើង រកស៊ីកាប់បំផ្លាញឈើជាមួយជនល្មើសដោយបានឃុបឃិតគ្នាឱ្យក្រុមអារឈើដំឡើងរោងម៉ាស៊ីនប្រភេទរណាររ៉ៃដាក់ក្នុងព្រៃត្រង់ចំណុចដំណាក់ផ្ញៀវ ដំណាក់ធ្លក និងខ្នងស្រែលាច ស្ថិតក្នុងភូមិរាំងខ្វាវនិងភូមិក្សេត្របុរី ឃុំសន្ទ្រៃ ស្រុកភ្នំក្រវាញដែលគេយកលុយពីអ្នកបររទេះទៅកាត់
ឈើមូលក្នុងដែនគ្រប់គ្រងដើម្បីយកមកចូលរោងម៉ាស៊ីនអារច្រៀកចេញជាគ្រឿងឈើធ្វើផ្ទះមួយរទេះចាប់ពី៣ម៉ឺនរៀលទៅ៦ម៉ឺនរៀលតាមរទេះណា ដឹកតិចរទេះណាដឹកច្រើនឈើធំឬតូច ។កន្លែងដែលគេដាក់ប៉ុស្ដិ៍ជំរិតទារប្រាក់និងឃុបឃិតគ្នាកាប់បំផ្លាញព្រៃឈើទាំង៣កន្លែងខាងលើនេះខ្លាំងជាងគេនៅចំណុច អំពិល ស្ថិតក្នុងភូមិក្សេត្របុរី
ឃុំសន្ទ្រៃ ដែលក្រោមការគ្រប់គ្រងរបស់លោក ភួង ស្រៀវ ជាឈ្មួញរកស៊ីឈើដែរនោះ ។កន្លងមកខាងក្រសួងបរិស្ថានក៏ធ្លាប់ដកលោក ប៉ាន់ មរកត និង ភួង ស្រៀវ នេះ ម្ដងរួចមកហើយដោយមានការជាប់ពាក់ព័ន្ធករណីប្រហាក់ប្រហែលគ្នានេះដែរ ។
ប្រជាពលរដ្ឋនិងឈ្មួញរកស៊ីឈើបានចោទប្រកាន់ទៅលើមន្ដ្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្ដពោធិ៍សាត់ ពាក់ព័ន្ធនឹងអំពើពុករលួយនិងឧក្រិដ្ឋកម្ម ព្រៃឈើខាងលើនេះ នាំគ្នាឆ្ងល់ថា កន្លងមកធ្លាប់ឮខាងក្រសួងបរិស្ថាន
លុបឈ្មោះ លោក ភួងស្រៀវនេះចេញម្ដងហើយ ចុះហេតុអ្វីក៏ត្រឡប់មកវិញ ឬមួយឈ្មោះនេះគាត់ពូកែរកលុយឱ្យមេៗចាយ? ពួកគាត់សំណូមពរឱ្យក្រសួងបរិស្ថានចុះធ្វើ អធិការកិច្ចសាជាថ្មី ។ម្យ៉ាងទៀតពួកគាត់ជឿជាក់លើរដ្ឋមន្ដ្រីថ្មីពិតជាមិនឱ្យបុគ្គលណាម្នាក់ធ្វើអ្វីផ្ដេសផ្ដាសបាន ឡើយដែលថ្នាក់ដឹកនាំកំពូលៗកំពុងតែកែទម្រង់ផងនោះ
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះអរិយធម៌មិនអាចធ្វើការទំនាក់ទំនងទៅលោក ប៉ាន់ មរកត និងលោក ភួង ស្រៀវ នេះ ដើម្បីសុំការបំភ្លឺបានទេ៕ ដោយ៖ សារុំ
» Breaking News, ព័ត៌មានជាតិ » មន្ដ្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រងការចោទប្រកាន់រកស៊ីជាមួយឈ្មួញឈើខុសច្បាប់