ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ មួយកន្លែងស្ថិត នៅក្នុងបុរីពិភពថ្មី ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារក្រុមភ្ញៀវទាំង ខាងកូនកំលោះ និងកូនក្រមុំ កំពុងច្រៀង និងរាំលេងកំសាន្ត យ៉ាងសប្បាយនោះ ស្រាប់តែមានភ្ញៀវ មួយក្រុម បានបង្កទំនាស់ពាក្យសម្តី រហូតដល់វាយគ្នា និងបោកកែវ បោកចាន បណ្តាលឲ្យភ្ញៀវផ្សេងទៀត រត់ជាន់ជើងគ្នានិងមានភ្ញៀវ២ទៅ៣នាក់ ត្រូវរងរបួសធ្ងន់ស្រាល និង៣នាក់ត្រូវមន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតរឿងរ៉ាវនេះ គឺមានមនុស្សប្រុសស្រី ក្មេងចាស់ ជាច្រើននាក់ ទាំងខាងកូនកំលោះ និងខាងកូនក្រមុំ អញ្ជើញ មកចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍ លុះភ្ញៀវទាំងអស់បានផឹកស្រារហូតស្រវឹង ស្រែកឡូឡា ច្រៀងរាំឌឺដងដាក់គ្នាបង្កជាទំនាស់ពាក្យសម្តី ផ្ទុះហឹង្សាក្រុមបងធំ ២ក្រុមមានគ្នា
៧ ទៅ៩ នាក់បានដេញវាយគ្នាយ៉ាងអនាធិបតេយ្យ និងទាញដបស្រា កែវស្រា ដេញគប់គ្នាបណ្តាលឲ្យភាគីម្ខាង រងរបួសធ្ងន់ស្រាល និងភាគីម្ខាងទៀតត្រូវសមត្ថកិច្ចចាប់វាយខ្នោះយកទៅធ្វើការសាកសួរ ។
សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ទៀតថាក្រោយកើតហេតុមានសមត្ថកិច្ច មូលដ្ឋាន និងប៉េអឹមខណ្ឌ ដង្កោបានចុះអន្តរាគមន៍ភ្លាមៗ ដោយខណៈនោះបុរសម្នាក់ដែលរងរបួសបែកភ្នែកម្ខាង ក្នុងហេតុការណ៍វាយតប់គ្នា បានស្ទុះទៅចង្អុលប្រាប់មុខជនបង្កដើម្បីឲ្យប៉េអឹមឃាត់ខ្លួន ប៉ុន្តែក្រុមប៉េអឹមបែរជាស្ទុះមកចង់វាយជនរងគ្រោះ និងស្រែក
គំរាមជនរងគ្រោះកុំឲ្យមាត់កអ្វីថែមទៀត ។ បន្ទាប់ពីកើតហេតុមន្ត្រីកងរាជអាវុធហត្ថបាននាំខ្លួនជនបង្ក៣នាក់យកទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌដង្កោ ដើម្បីធ្វើការសាកសួររឿងហេតុពាក់ព័ន្ធនឹងករណីនេះ ។
ទាក់ទិននឹងហេតុការណ៍នេះក្រោយកងកម្លាំងប៉េអឹមឃាត់ខ្លួនជនសង្ស័យទៅដល់ទីស្នាក់ការរួចនោះ ក្រុមអ្នកកាសែតបាននាំគ្នាសុំថតយក រូបភាពជនបង្កយកចុះផ្សាយ រួមជាមួយគេហទំព័រមួយចំនួនទៀត ស្រាប់តែត្រូវមន្ត្រីអាវុធហត្ថនៅទីនោះ បាននិយាយពាក្យមិនសមរម្យ និងដៀលប្រមាថ រួមទាំងចង់វាយក្រុមអ្នកកាសែតទៀត ។ ទង្វើរបស់អស់លោកមន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោនាពេលនោះ ហាក់ បីដូចជា គ្មានសីលធម៌ សម្រាប់មនុស្សមិនដែលរៀនសូត្រយកមកប្រើប្រាស់ ។ ជាពិសេសអ្វីដែលសង្ស័យគឺទំនងជា ជនបង្កភាពអនាធិបតេយ្យអុកឡុកក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខាងលើ សុទ្ធតែជាបក្ខពួករបស់ប៉េអឹមខណ្ឌដង្កោ ហើយមើលទៅបានជាក្រុមប៉េអឹម
ព្យាយាមហាមឃាត់អ្នកកាសែតនិងទូរទស្សន៍ មិនឲ្យថតរូបភាពនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ។ ដូច្នេះសូមលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង ជួយពិនិត្យមើលករណីនេះផង ក្រុមអ្នកកាសែតមិនទៅរំខាន ការងាររបស់អស់លោកទេ គឺគ្រាន់តែចង់ដឹងពីព័ត៌មាន នៃការវាយតប់គ្នា តែប៉ុណ្ណោះ ដើម្បីយកទៅចុះផ្សាយ។
ហេតុការណ៍នេះប្រជាពលរដ្ឋក៏ដូចជាភ្ញៀវដែលចូលរួមក្នុងពិធីរៀប អាពាហ៍ពិពាហ៍ ខាងលើ បានសំណូមពរទៅមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមេបញ្ជាការខណ្ឌដង្កោមេត្តាធ្វើយ៉ាងណាសួររកហេតុផល ឲ្យបានច្បាស់ដើម្បីវែកមុខជនបង្កយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រោះពួកគេបានបំផ្លាញក្តីសុខ និងថ្ងៃ ដែលរីករាយបំផុតសម្រាប់កូនក្រមុំកំលោះ ដែលទើបនឹងផ្សំផ្គុំគ្នាថ្មីថ្មោង ។ ពុំទាន់មានប្រភពព័ត៌មានណា បញ្ជាក់នូវរឿងរ៉ាវទាំងនេះ ឲ្យបានច្បាស់នៅឡើយទេថា ក្រុមភ្ញៀវឈ្លោះគ្នាដោយសារតែមូលហេតុអ្វីឲ្យពិតប្រាកដនោះ ៕
ដោយ៖ ព្រហ្ម វិលៀម
» Breaking News, ព័ត៌មានជាតិ » ភ្ញៀវអាប់យស បង្កជម្លោះក្នុងមង្គលការបង្ហូរឈាមគ្នា