កំពង់ចាម៖ ក្រុមអាជីវករដែលរកស៊ីដឹកកសិផល បន្តិចបន្តួចយកទៅលក់នៅព្រំប្រទល់ប្រទេសវៀតណាម បានចោទប្រកាន់ថា ក្រុមជញ្ជីងចល័តដែលចាំថ្លឹងរថយន្តដែលដឹកលើសទម្ងន់ នៅស្ថានីយថ្នល់ទទឹង ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម កំពុងតែគាបជំរិតទារប្រាក់ពីពួកគាត់ ដោយសំអាងទៅលើ ស.ជ.ណ របស់គណៈរដ្ឋមន្ត្រី ហើយពួកគាត់ថា នឹងគ្រោងធ្វើកូដកម្មបិទផ្លូវក្នុងពេលខាងមុខនេះ ដើម្បីទាមទារឲ្យមន្ត្រីក្រុម ជញ្ជីងទាំងនេះអនុវត្តន៍ឲ្យស្របតាមច្បាប់ មានតម្លាភាពមិនអនុវត្តន៍តាមបែបបង់ពិន័យតាមតែបបូរមាត់របស់ មន្ត្រីខិលខូចនោះ។
ក្រុមអាជីវករដែលដឹកកសិផលបន្តិចបន្តួចបាននិយាយថា បច្ចុប្បន្នតាមដងផ្លូវជាតិលេខ៧ និងលេខ៨ មានរថយន្តធំៗដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ ដោយមួយថ្ងៃមានរហូតដល់ទៅរាប់រយគ្រឿងឯណោះ ក្នុងនោះមានទាំងរថយន្តដឹកទំនិញស្របច្បាប់ រថយន្តដឹកទំនិញគេចពន្ធ មកពីប្រទេសវៀតណាម និងរថយន្តដឹកឈើរបស់ក្រុមហ៊ុនមួយចំនួនផងដែរ ដោយសុទ្ធតែលើសទម្ងន់ទៀត ប៉ុន្តែគេពុំដែលឃើញមានមន្ត្រីខាងជញ្ជីងប្រចាំនៅស្ថានីយ ថ្នល់ទទឹងនោះ និងមន្ត្រីជញ្ជីងចល័តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនចាប់ ឃាត់យករថយន្តខុសច្បាប់ទាំងនោះមកថ្លឹង ឬពិន័យតាមច្បាប់ឡើយ ប៉ុន្តែបើរថយន្តដឹកកសិផលបន្តិចបន្តួច ដូចជា ស្រូវ ដំឡូងមី និងសណ្តែកសៀងជាដើមវិញ គឺមន្ត្រីទាំងនោះបោរឡានដេញតាមឆែកឆេរ ត្រួតពិនិត្យ មិនឲ្យរត់រួចមួយឡើយ។
មន្ត្រីជញ្ជីងថ្លឹងរថយន្តនៅស្ថានីយ ថ្នល់ទទឹងក្នុងស្រុកត្បូងឃ្មុំនោះ បានឃាត់ចាប់រថយន្តដឹកស្រូវមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សភ្លៅប្រាំពាក់ស្លាក់លេខ កំពង់ចាម ២A-២៧៣៥ ដែលដឹកស្រូវយកទៅលក់នៅព្រំប្រទល់ប្រទេសវៀតណាម ដោយមន្ត្រីជំនាញខាងជញ្ជីងថ្លឹងទម្ងន់រថយន្តចាប់ឃាត់អស់រយៈពេល ជាច្រើនថ្ងៃដោយតម្រូវឲ្យបង់ប្រាក់ជាង៦លានរៀល ព្រោះតែផ្ទុកស្រូវលើសទម្ងន់ជាង៤តោន។
ទាក់ទិននឹងការចោទប្រកាន់នេះ លោក នួន គឹមហេង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមដែលទទួលបន្ទុកជញ្ជីងថ្លឹងទម្ងន់កម្រិត កំណត់ត្រើយខាងកើតទន្លេមេគង្គបានប្រាប់ថា ការងារនេះគឺលោកបានបញ្ជូនសំណុំរឿងឡើងទៅដល់ខេត្ត ហើយប្រសិនបើម្ចាស់រថយន្តដឹកស្រូវនេះ មានខ្នងបង្អែក ឬមានចំណារពីឯកឧត្តមអភិបាលខេត្តលោកនឹងដោះលែងរថយន្តនេះភ្លាម។
ប្រភពព័ត៌មានបានបញ្ជាក់ថា ការចាប់ឡានខាងលើនេះមកពីម្ចាស់ឡានមិនព្រមបង់លុយឲ្យក្រុមជញ្ជីងតាម ដែលពួកគេទាមទារនោះវាខ្ពស់ពេក ហើយចរចាគ្នាមិនត្រូវក៏ចាប់ឃាត់ទុកឡាននេះតែម្តង។ ចំណែកឡានដឹក លើសទម្ងន់ផ្សេងៗទៀត ព្រមបង់ឲ្យពួកគេតាមការទាមទារតាមមាត់របស់គេនោះ ហើយក៏ឲ្យបន្តដំណើរទៅ មុខដោយរលូន៕ ដោយ៖ នាយរំពេរ
» Breaking News, ព័ត៌មានជាតិ » អ្នករកស៊ីដឹកទំនិញគ្រោងធ្វើកូដកម្មបិទផ្លូវប្រឆាំងនឹងក្រុមជញ្ជីងថ្នល់ទទឹង យក ស.ជ.ណ គាបជំរិតទារប្រាក់