ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការ ជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដែលដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោក ប៊ន សំអាត នាយការិយាល័យ នៅវេលាម៉ោង ប្រមាណ ១១និង២០នាទីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣នេះ បាន ចុះទៅបង្ក្រាប និងចាប់ខ្លួន ស្ត្រីម្នាក់ ជាមុខសញ្ញា ចែកចាយគ្រឿងញៀន ដ៏
សកម្ម នៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្រោយផ្សាររាត្រី ក្នុងខណ្ឌដូនពេញ ។
លោក ប៊ន សំអាត ដែលទើបនឹងបានទទួលភារកិច្ច ជាប្រធានការិយាល័យប្រឆាំងការ ជួញដូរគ្រឿងញៀន រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបទបញ្ជាពីលោកស្នងការ នគរបាលរាជធានីភ្នំពេញ ជួន សុវណ្ណ និងមានការឯកភាពតាមផ្លូវច្បាប់ ពីសំណាក់តំណាង អយ្យការផងនោះ លោកបានដឹកនាំកម្លាំងនគរបាល ចុះទៅបង្ក្រាប និងចាប់ខ្លួនស្ត្រីម្នាក់ ជាមុខសញ្ញាចែកចាយថ្នាំញៀន យ៉ាងសកម្ម នាពេលកន្លងទៅ នៅក្នុងរាជធានីភ្នំពេញ ដែលមិនធ្លាប់បង្ក្រាបបាន។
លោក ប៊ន សំអាត បានបន្តថា ការចាប់ខ្លួននេះបានធ្វើឡើងក្នុងខណៈដែលស្ត្រីសង្ស័យកំពុងដេកនៅក្នុងអង្រឹង។ កម្លាំងនគរបាល របស់លោក ក៏បានរឹបអូសថ្នាំញៀន ប្រមាណ១២កញ្ចប់តូច លុយកាក់ និងវត្ថុមួយចំនួនទៀត។
លោក ប៊ន សំអាត បានបន្តថា នឹងបន្តខិតខំតាមបង្ក្រាប មុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀន នៅទីតាំងផ្សេងទៀត តបតាមបទបញ្ជារបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីសង្ស័យរូបនេះ មានឈ្មោះ សេង ឡៃ អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំង សមត្ថកិច្ចយកទៅសួរនាំ នៅការិយាល័យ ប្រឆាំងការជួញដូរ គ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ លីហ៊ាង