ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិនឹងរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅភ្នំពេញ និងនៅក្រុងទេសចរណ៍សៀមរាប។ លោកសម រង្ស៊ី និង លោក កឹម សុខា នឹងដឹកនាំការជួបជុំទាំងពីរកន្លែងនេះរួមគ្នា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ លោកសម រង្ស៊ី និងលោកកឹម សុខា មកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃចន្ទទី៩ធ្នូ បន្ទាប់ពីចាកចេញទៅក្រៅប្រទេស។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងបានត្រៀមលក្ខណៈរួចហើយ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ធ្នូ។ លោកសម រង្ស៊ី និងលោកកឹម សុខា ដែលជាប្រធាន និង អនុប្រធានគណបក្ស នឹងត្រូវដឹកនាំកម្មវិធីនៅភ្នំពេញនៅពេលព្រឹក មុននឹងអ្នកទាំងពីរ និងថ្នាក់ដឹកនាំផ្សេងទៀត ជិះយន្តហោះទៅក្រុងទេសចរណ៍សៀមរាប ដើម្បីដឹកនាំទិវាសិទ្ធិមនុស្សនៅទីនោះ នាពេលរសៀល។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលបានប្រាប់អោយដឹងថា លោកសម រង្ស៊ី និងលោកកឹម សុខា មកដល់ទីក្រុងភ្នំពេញនៅព្រឹកថ្ងៃចន្ទទី៩ខែធ្នូ នឹងដឹកនាំក្បួនដោយថ្មើរជើងផ្សេងៗគ្នាឆ្ពោះទៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃអង្គារទី១០ធ្នូ។ លោក យឹម សុវណ្ណ បញ្ជាក់ថា លោកសម រង្ស៊ី នឹងដឹកនាំក្បួនអ្នកគាំទ្រ
ដែលមកពីផ្លូវជាតិលេខ១ និងលេខ២។ លោកកឹម សុខា នឹងរង់ចាំដឹកនាំក្បួនដែលមកពីផ្លូវជាតិលេខ៣ និងលេខ៤ និងក្បួនអ្នកគាំទ្រពីផ្លូវជាតិលេខ៥ និងលេខ៦ នឹងត្រូវដឹកនាំដោយលោកស្រីមួ សុខហួរ។ ក្បួនទាំង៣ទិស នឹងត្រូវដើរចូលមកទីលានប្រជាធិបតេយ្យក្បែរ វត្តភ្នំ។ មានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណ១៥០០០នាក់ នៅក្នុងការជួបជុំនោះ ហើយនិងរំសាយនៅម៉ោង១២ថ្ងៃត្រង់។
ប្រភពព័ត៌មានបានឲ្យដឹងថា មានអ្នកគាំទ្រប្រមាណ១ម៉ឺននាក់ទៀតមកពីខេត្តសៀមរាប និងខេត្តជុំវិញសៀមរាបដែលត្រូវរង់ចាំលោកសម រង្ស៊ី និងលោកកឹម សុខានៅរសៀលថ្ងៃ១០ធ្នូ។ លោកហូ វ៉ាន់ តំណាងរាស្ត្រមួយរូបទៀតរបស់គណបក្សសង្គ្រោះជាតិ បានប្រាប់អោយដឹងថា គណបក្សសង្គ្រោះជាតិរបស់លោកនឹងដង្ហែក្បួនចេញពីតំបន់អង្គរគ្យុងយូ ដែលជាទីកន្លែងជួបជុំនោះ ដើម្បីធ្វើដំណើរតាមតំបន់សាធារណៈមួយចំនួននៅក្នុងទីក្រុងទេសចរណ៍មួយនេះ។
អាជ្ញាធរខេត្តសៀមរាបបានសំដែងការព្រួយបារម្ភអំពីការដង្ហែក្បួន របស់គណបក្សសង្គ្រោះជាតិ ថាអាចធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់ អ្នកទេសចរ។ ប៉ុន្តែ មន្ត្រីគណបក្សសង្គ្រោះជាតិធ្លាប់ឆ្លើយតបវិញថា អ្នកទេសចរអាចយល់បានអំពីសកម្មភាពនៃទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ខែធ្នូនោះយ៉ាងច្បាស់៕
ដោយ៖ នាយក្អែកខ្មៅ
» Breaking News, ព័ត៌មានជាតិ » ថ្ងៃនេះលោកសម រង្ស៊ី និងលោកកឹម សុខា ព្រឹកនៅភ្នំពេញ ល្ងាចនៅសៀមរាប