សៀមរាប ៖ ឈើប្រណីតជាច្រើនម៉ែត្រគូប មាន បេង នាងនួន ធ្នង់ ជាដើម ត្រូវបានសមត្ថកិច្ចចំរុះបង្ក្រាបពីល្ងាច ដោយបាញ់គំនូសចំណាំ និងដាក់កំលាំងការពារផងដែរនោះ ស្រាប់តែព្រឹកឡើង ម្ចាស់ឈើដឹកចេញជិតអស់ និងថែមទាំងបានគំរាមសមត្ថកិច្ចការពារគំនរឈើទៀតផង ។ តើសមត្ថកិច្ចជំនាញចាត់ការយ៉ាងម៉េចដែរ ចំពោះឈ្មួញ
ល្មើសទាំងអស់នោះ?
ប្រតិបត្ដិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៣ ដោយមានលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្ដសៀមរាប និងលោក អ៊ុំ អមម៉ារ៉ា ស្នងការរងនគរបាលខេត្ដសៀមរាប ចូល រួមផងដែរ ។ បន្ទាប់ពីរកឃើញឈើជាច្រើនម៉ែត្រគូបហើយនោះ សមត្ថកិច្ចបានដាក់បទបញ្ជាដល់ម្ចាស់ឈើ បើសិនបាត់បង់ឈើនោះ
ម្ចាស់ផ្ទះជាអ្នកទទួលខុសត្រូវ ។
កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ម្ចាស់ឈើមានឈ្មោះ វ៉ាន់ ធី បានដឹកឈើយកមកលាក់ទុកក្នុងផ្ទះរបស់គាត់នៅជាប់ផ្ទះសំណាក់ យីហោ សុខ ជា ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ខេត្ដសៀមរាប ។ ប្រភពបន្ដថា ឈ្មួញឈើនោះ យករថយន្ដពាក់ស្លាកលេខខ.ម ពណ៌ត្រេអ៊ី ដឹកជញ្ជូនមកស្ដុកទុករាល់ថ្ងៃ រហូតឈានដល់សមត្ថកិច្ចរកឃើញនៅកន្លែងស្ដុករាប់សិបម៉ែត្រគូប នៅកន្លែងនោះ។ ប្រភពបន្ដទៀតថា ឈ្មួញឈើប្រណីតឈ្មោះវ៉ាន់ ធី នេះជាបងប្អូនម្ចាស់ផ្ទះសំណាក់ សុខ ជា ទើបហ៊ានស្តុកឈើច្រើនបែបនេះ។
ប្រភព ពីមន្ដ្រីការពារគំនរឈើបានឲ្យដឹងថា សាច់ញាតិក្រុមឈ្មួញឈើនោះបានគំរាមវាយសមត្ថកិច្ចដែលយាមកាមឈើផង ដែរ រីឯសមត្ថកិច្ចបានត្រឹមតែឈរមើលមុខគ្នាប៉ុណ្ណោះ ។ ករណីនេះអ្នកដឹងរឿងនាំគ្នានិយាយថា នេះមកពីអ្នកយាមត្រូវដងត្រូវផ្លែជាមួយឈ្មួញ ទើបគេហ៊ានដឹកឈើចេញ។ សូមលោកព្រះរាជអាជ្ញាស៊ើបអង្កេត ក្នុងករណីបាត់វត្ថុតាងនេះផង។
ទោះជា យ៉ាងណា មន្ដ្រីជំនាញបានបង្ហើបឲ្យដឹងជាចុងក្រោយថា ឈើខុសច្បាប់ដែលក្រុមឈ្មួញដឹកមកលាក់ទុក មិនត្រូវបានសមត្ថកិច្ចរឹបអូសយកទាំងអស់ដូចចុះប្រតិបត្ដិការ កាលពីល្ងាចថ្ងៃទី៧ខែធ្នូនោះឡើយ គឺយកតែឈើថ្មីៗនៅសល់តិចតួចប៉ុណ្ណោះ ៕ ដោយ៖ ឌឹម សឿន