ព្រៃវែង៖ក្នុងរដូវលំហើយ ដែលជាដើមរដូវប្រាំងចូលមកដល់មិនទាន់បានមួយខែផងធ្វើឱ្យដីស្រែរបស់ ប្រជាពលរដ្ឋ ស្ថិតនៅឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែងមួយចំនួន ខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ក្នុងការបង្កបង្កើនផល ស្រូវមួយចំនួនកំពុងតែប្រឈមនឹងការស្វិតក្រៀម ក្រសួងធនធានទឹក តាមរយៈមន្ទីរធនធានទឹក របស់ខ្លួន នៅខេត្តព្រៃវែងបានអន្តរាគមន៍បូមទឹក ដាក់ស្រែជូនពួកគាត់ តាមរយៈការប្រើប្រាស់គម្រោងស្រោចស្រព សណ្តរទន្លេកំពង់ត្របែក គឺស្ថានីយបូមទឹកប្រើម៉ូទ័រដោយចរន្តអគ្គិសនីជួយបូមទឹកសង្គ្រោះបានទាន់ពេលវេលាធ្វើឱ្យប្រជាកសិករមានការត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណដល់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកផងដែរ។
លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក បានថ្លែងឲ្យដឹងថាដោយមានការណែនាំ ពីសំណាក់ លោករដ្ឋមន្ត្រី លឹម គានហោក្រុមការងាររបស់ក្រសួងធនធានទឹក បានចុះទៅជួយ អន្តរាគមន៍បូមទឹកដាក់ស្រែជូនប្រជាកសិករ នៅឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែងបានចំនួន៥០០ហិកតា ហើយ។
លោក ចាន់ យុត្ថា បានថ្លែងបន្តទៀតថា ការជួយអន្តរាគមន៍បូមទឹកដាក់ស្រែដល់ប្រជាពលរដ្ឋ ខាងលើនេះ គឺខាងក្រសួងបានប្រើប្រាស់ស្ថានីយបូមទឹកមួយកន្លែង ដោយប្រើម៉ូទ័រចំនួន៤ ប្រើដោយចរន្តអគ្គិសនី ។
បើតាមលោក ចាន់ យុត្ថា ម៉ូទ័រចំនួន៤ ដែលប្រើចរន្តអគ្គិសនីនេះគឺម៉ូទ័រចំនួន២ ប្រើសម្រាប់បូមទឹកចេញ នៅពេលមានទឹកជំនន់និងម៉ូទ័រចំនួន២ផ្សេងទៀតនោះ គឺប្រើសម្រាប់បូមទឹកដាក់ស្រែ ជូនប្រជាពលរដ្ឋ ។
យ៉ាងណាក៏ដោយ មន្ត្រីក្រសួងធនធានទឹករូបនេះ បានបញ្ជាក់ថា ក្រុមការងាររបស់ក្រសួងធនធានទឹករបស់ខ្លួន នឹងបន្តប្រតិបត្តិការ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋជាប្រចាំ នៅពេលមានបញ្ហាខ្វះខាតទឹកសម្រាប់បង្កបង្កើនផលនាចុងរដូវវស្សា និងដើមរដូវប្រាំងនេះ៕ ដោយ៖ ព្រហ្ម ពៅ
» ព័ត៌មានជាតិ » ក្រសួងធនធានទឹក អន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវ ប្រជាកសិករបានជាង៥០០ហិកតា នៅស្រុកព្រះស្តេច