ភ្នំពេញ៖ ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ និងសម្ភារៈសំណង់SCG បានធ្វើកម្មវិធីគម្រប់ខួប១០០ឆ្នាំ នៃដំណើរការអាជីវកម្មរបស់ខ្លួន។ការរៀបចំត្រូវបានរៀបចំធ្វើឡើងនៅចុងសប្តាហ៍នេះ ដោយមានអ្នកចូលរួមប្រមាណជាង៥០០នាក់។
លោក Aree Chavalitcheewingul អនុប្រធានអាជីវកម្មប្រចាំតំបន់របស់ក្រុមហ៊ុនស៊ីម៉ង់ត៍ និងសម្ភារៈសំណង់SCG ក្នុងសន្និសីទសារព័ត៌មាន បានឲ្យដឹងថា ក្នុងរយៈពេល១០០ឆ្នាំ នៃដំណើរការអាជីវកម្មរបស់ខ្លួន គឺSCGតែងតែប្រកាន់ភ្ជាប់នូវគោលជំហរដ៏ល្អបំផុត ដើម្បីលើកលើកតម្កើងនូវបរិស្ថានបៃតង សុខុមាលភាពសង្គម ព្រមទាំងការលូតលាស់ផ្នែកសេដ្ឋកិច្ច។ លើសពីនេះទៀត SCG បានប្តេជ្ញាចិត្តនាំមកជូនប្រទេសកម្ពុជា និងប្រទេសនានា ដែលក្រុមហ៊ុនកំពុងប្រតិបត្តិការនូវសកម្មភាព និងសមិទ្ធផលផ្សេងៗ ដែលបានអភិវឌ្ឍន៍ និងទទួលបានកាលពីសតវត្សរ៍កន្លងទៅ។ លោកបន្តថា ក្នុងរយៈពេល១០០ឆ្នាំ SCG បានប្រកបអាជីវកម្មដោយអនុវត្តតាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីឲ្យមានតុល្យភាពនៃភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
សព្វថ្ងៃក្រុមហ៊ុនSCG មានបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនកំពតស៊ីម៉ង់ត៍ (K-Cement) និងក្រុមហ៊ុនចំនួនបួនទៀតផ្នែកផ្គត់ផ្គង់សម្ភារៈសំណង់ ហើយថ្មីៗនេះក្រុមហ៊ុនក៏បានបោះជំហានថ្មីមួយទៀតនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការវិនិយោគលើរោងចក្រផលិតស៊ីម៉ង់ត៍ទី២របស់ខ្លួននៅខេត្តកំពត ដើម្បីសម្រេចបាននូវទស្សនវិស័យ
ក្លាយទៅជាក្រុមហ៊ុនឈានមុខប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ាន។
ក្រុមហ៊ុនSCG និងកំពតស៊ីម៉ង់ត៍ ដែលជាឧស្សាហកម្មធន់ធ្ងន់ទី១ ក្នុងប្រទេសកម្ពុជា បានផ្គត់ផ្គង់ស៊ីម៉ង់ត៍ដែលមានគុណភាពខ្ពស់ដល់ទីផ្សារកម្ពុជាជាមួយនឹងសមត្ថភាពផលិតបឋម១លានតោនក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០០៦។
លោក Aree បញ្ជាក់ទៀតថា កាលពីពេលកន្លងទៅក្រុមហ៊ុនកំពតស៊ីម៉ង់ត៍ បានប្រកាសបើកការដ្ឋានសាងសង់ខ្សែចង្វាក់ផលិតកម្មទី២របស់ខ្លួន នៅក្នុងខេត្តកំពតដែលចំណាយទុន១២០លានដុល្លារអាមេរិកបន្ថែមទៀត។
ការសាងសង់រោងចក្រថ្មីនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០១៥ ហើយសមត្ថភាពផលិតស៊ីម៉ង់ត៍សរុបប្រចាំឆ្នាំប្រមាណ២លានតោន ដោយខ្សែចង្វាក់ផលិតកម្មអាចផលិតបានប្រមាណ២៥០០តោនក្នុងមួយថ្ងៃដើម្បីឆ្លើយតបចំពោះការលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះទៅទៀត ការពង្រីកដោយបង្កើតខ្សែចង្វាក់ផលិតកម្មទី២នេះឡើង នឹងផ្តល់ការងារបន្ថែមជាច្រើនទៀតដល់ប្រជាជនកម្ពុជាក៏ដូចជាបង្កើនចំណូលពន្ធដល់ប្រទេសនេះផងដែរ។
ពោលគឺ បន្ទាប់ពីបញ្ចប់ការសាងសង់ នឹងផ្តល់ឱកាសការងារប្រមាណ១០០០កន្លែងបន្ថែមទៀត ដល់ប្រជាជនកម្ពុជា៕ ដោយ៖ ព្រហ្ម ពៅ
» ព័ត៌មានជាតិ » សន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុនSCG ធ្វើពិធីគម្រប់ខួប១០០ឆ្នាំ