ភ្នំពេញ ៖ករណីចោរប្លន់តារាចម្រៀងនៅផលិតកម្ម រ៉ុកឈ្មោះ ហឿន សុខលីម ត្រូវបានរួចផុតជីវិត នឹងយុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ដោយសារក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា ២នាក់ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ FZ បានសម្រេចរួចក្រុមចោរជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។ ហេតុការណ៍ ខាងលើនេះកើតឡើង កាលពីវេលាម៉ោង ១នឹង ៣០ នាទីរំលងអធ្រាត្រ ចូលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅចំណុចមុខផ្ទះលេខ ១០៧ តាមបណ្តោយផ្លូវលេខ ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
សមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា តារាចម្រៀងខាងលើ ឈ្មោះ ហឿន សុខលីម ភេទប្រុស អាយុ ២៩ ឆ្នាំជាតារាចម្រៀងនៅផលិតកម្ម រ៉ុក ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកយុវជនដែលក្រុមចោរប្លន់បាញ់ស្លាប់ខាងលើមិនទាន់ស្គាល់ អត្តសញ្ញាណឡើយ។
យោងតាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក FZ ពណ៌ ខ្មៅគ្មានស្លាកលេខ មួយគ្រឿងមកពីដើរលេង ហើយបានជិះម៉ូតូត្រឡប់ចូលទៅផ្ទះវិញ លុះជិះជិតដល់ផ្ទះស្រាប់តែមានក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា ២នាក់ ជិះម៉ូតូម៉ាក អ៊ិច តេ មួយគ្រឿងមកឈប់ក្បែររូបគេ នឹងបានដកកាំភ្លើងវាយក្បាលនឹងភ្ជង់រូបគេ រួចប្លន់យកម៉ូតូ FZ បានសម្រេច។
ប្រភពដដែលបន្តថា ក្រោយពេលប្លន់បានសម្រេចក្រុមចោរប្លន់បានឡើងជិះម៉ូតូបំណងគេច ខ្លួន ស្រាប់តែលេចមុខយុវជនម្នាក់ដើរចេញពីកន្លែងងងឹតឆ្ពោះទីតាំងកើតហេតុ ក៏ត្រូវក្រុមចោរប្លន់ដកភ្លើង បាញ់ទៅលើយុវជនរូបនោះមួយគ្រាប់ចំខាងក្រោយខ្នងធ្លាយទៅបេះដូង បណ្ដាលឲ្យដួលហូរឈាម ស្រោចខ្លួនស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុតែម្តង។
ទាក់ទិននឹងករណីបាញ់សម្លាប់ប្លន់យកម៉ូតូ FZ ពី តារាចម្រៀងផលិតកម្ម រ៉ុក ខាងលើនេះសមត្ថកិច្ច មូលដ្ឋាននឹងកងរាជអាវុធហត្ថខណ្ឌទួលគោកបានចុះមកដល់កន្លែងកើតហេតុ ភ្លាមៗដែរ ប៉ុន្តែបានត្រឹម ឈរមើលសាកសពតែប៉ុណ្ណោះ ព្រោះក្រុមចោរប្លន់រត់គេចខ្លួនបាត់ជាង ៣០នាទីហើយទើបមានមុខសមត្ថកិច្ច៕