កំពង់ធំ៖ កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ សមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើស្ទោង បានសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ស្ទាក់ចាប់រថយន្តក្រុងរបស់ក្រុមហ៊ុនជុំ សុវណ្ណ ដឹកអ្នកដំណើរ មួយគ្រឿងពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3A-5553 បានប្រើប្រាស់រូបភាពក្លែងបន្លំភ្នែកសមត្ថកិច្ច ដឹកជញ្ជូនឈើប្រណិត បានបើកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅភ្នំពេញជាមួយនិងអ្នកធ្វើដំណើរជាង ២០ នាក់។
សមត្ថកិច្ចបានអោយដឹងថា រថយន្តក្រុងនេះបានបើកមកដល់ចំនុចមុខអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប សមត្ថកិច្ចស្ទាក់មានការសង្ស័យក៏សុំការត្រួតពិនិត្យ ក៏ប្រទះឃើញមានឈើប្រណិតជាច្រើន ដែលបានដាក់នៅក្រោមទ្រុងរថយន្ត ទើបសមត្ថកិច្ចនាំយករថយន្តក្រុងមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ស្ទោង ដើម្បីរង់ចាំតំណាងក្រុមហ៊ុនចូលមកដោះស្រាយ ចំណែកអ្នកដំណើរ ត្រូវបានតៃកុងឡានរករថយន្តក្រុងសាងទៅភ្នំពេញ។
អ្នកបើកបររថយន្តបន្លំដឹងឈើប្រណីតខាងលើត្រូវបានគេស្គាល់ថាឈ្មោះ ពាង សារ៉ាន់ រស់នៅភូមិបឹង ឃុំចា ស្រុកព្រៃក្របាស់ ខេត្តតាកែវ រីឯចំនួនឈើ ក្រោយពីធ្វើការវាស់វែងរួច មានចំនួន ៤៦សន្លឹក ស្មើរនឹង ០,៨៤២ម៉ែត្រគូប។
យោងតាមការឲ្យដឹងពី ឈ្មោះ ពាង សារ៉ាន់ តៃកុងឡាន បានឲ្យដឹងថា មុនពេលមកដល់ ខេត្តកំពង់ធំ នៅត្រង់ចំណុចសាក់បីអ៊ុម មានសមត្ថកិច្ច ០៣ នាក់ ដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថ និងប៉ូលិស បានសំឡុតនិងគំរាមទារលុយពីព្រូឡានចំនួន ២០០ ដុល្លា ដែលជាសំណែន និងការដឹកឈើដោយគ្មានច្បាប់ ក្រោយមកក៏ត្រូវបានតថ្លៃគ្នានៅសល់ត្រឹម ១០០ដុល្លា លុះព្រូឡាន បានអោយលុយរួចពេលចេញដំណើរ ក៏ត្រូវបានសមត្ថកិច្ចមេព្រៃចាប់ចូលផ្នែកតែម្តង។
សមត្ថកិច្ចកងកម្លាំង ដែលប្រចាំការជាមួយមេព្រៃនៅទីនោះ គេតែងសង្កេតឃើញ មានការបើករថយន្តប្រដេញរថយន្ត កាក់យកលុយ ដោយមិនក្រែងពីច្បាប់ឡើយ៕ សំអាត
» Breaking News, ព័ត៌មានជាតិ » ស្ទាក់ចាប់រថយន្តក្រុងក្រុមហ៊ុន ជុំ សុវណ្ណ បន្លំដឹកឈើប្រណីត ៤៦សន្លឹក