ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយ​ពី​លោក អ៊ុក អៀង លោក កឹ​ក​ហៃ លោក ឡុង គឹមហុង អាង​ខ្លួន​មាន​លុយ​មានអំណាច​ឈូសឆាយ ទន្ទ្រាន​យក​ដី​រដ្ឋ​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តកំពង់ឆ្នាំង​ពុំទាន់​មាន​ចំណាត់ការ​ណាមួយ​ទៅលើ​ក្រុម​ជនល្មើស​នៅឡើយ​ទេ​  ||     ធ្លាយ​កាន់តែ​ធំឡើង! បន្ទាប់ពី​រដ្ឋបាល​ស្រុក​កំពង់លែង​បានចេញ​សេចក្តីបញ្ជាក់​ព័ត៌មាន​នេះ​ថា មាន​គណៈនី​យ​ហ្វេ​ស​ប៊ុ​កតា​មដង​ទន្លេសាប​និង​សារព័ត៌មាន​អរិយធម៌​ថា ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុងការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​កំពង់​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ឆ្លៀតឱកាស​ទន្ទ្រាន​យក​មុនពេល​បោះឆ្នោត​  ||     ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​ចំណែក​ម្នាក់ទៀត​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប៉ោយប៉ែត​  ||     មេ​ឈ្មួញ​ឈើធំៗ ជា​ឧកញ៉ា ៣នាក់ គឺ​ឧកញ៉ា សឹង សំអុល ឧកញ៉ា ប៉ោ សំអឿន និង ឧកញ៉ា តុ​ប វី​ដា នៅតែ​បន្តសកម្មភាព​កាប់បំផ្លាញ​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អតិថិជន​ជាវ​ផ្ទះល្វែង​សំណង់​បុរី​ពិភពថ្មី​ខកចិត្ត​យ៉ាងខ្លាំង នៅ​ភ្នំពេញ

អតិថិជន​ជាវ​ផ្ទះល្វែង​សំណង់​បុរី​ពិភពថ្មី​ខកចិត្ត​យ៉ាងខ្លាំង នៅ​ភ្នំពេញ

ភ្នំពេញ ៖ អតិថិជន​ជាវ​ផ្ទះល្វែង​សំណង់​បុរី​ពិភពថ្មី​ខកចិត្ត​យ៉ាងខ្លាំង ខណៈ​សំណង់​មានតែ​សោ​ភណ្ឌ​ភាព ប៉ុន្តែ​គ្មាន​គុណភាព សង្ស័យ​ការសាងសង់​នេះ កេងចំណេញ​បច្ចេកទេស​ច្រើនពេក ឬ​សាងសង់​ខ្វះ​ការទទួលខុសត្រូវ​លើ​គុណភាព​បច្ចេកទេស ។

សំណង់​ផ្ទះល្វែង​មួយកន្លែង​នៅ​បុរី​ពិភពថ្មី (សាខា​កំបូល) ត្រូវបាន​ម្ចាស់ផ្ទះ​អះអាងថា មាន​ករណី​ប្រេះ​ជាច្រើន​កន្លែង(ប្រេះ​សុស​គ្រប់​ទីកន្លែង​ដូច​ទូរស័ព្ទ​បែក​អេក្រង់) ក្នុងនោះ អ្នក​ជាវ​ថែមទាំង​សំណូមពរ​ឲ្យ​សេដ្ឋី​ចិត្តធម៌ គឺ​អ្នកឧកញ៉ា ហុង ពី​វ សូម​ចេញ​មុខមក​ដោះស្រាយ​ចំពោះ​សំណង់​របស់គាត់ ដែល​សង់​គ្មាន​គុណភាព​នេះ​ដល់​អ្នក​ជាវ​នោះ​ផង ។ ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ Limspirations នាង​បាន​រ៉ា​យ​រាប់ទាំង​បង្ហាញ​រូបភាព និង​ផ្ញើ​សារ​ជា​សំឡេង​លើ​វីដេអូ​ឃ្លី​ប​ទៅកាន់​អ្នកឧកញ៉ា ហុង ពី​វ ម្ចាស់​សំណង់​បុរី​ពិភពថ្មី ដើម្បី​ចូលខ្លួន​មក​ដោះស្រាយ ក្នុងនោះ នាង​បានបញ្ជាក់​យ៉ាង​លម្អិត​ថា នាង​ខ្ញុំ​បាន​ទិញ​ផ្ទះល្វែង​មួយ​ខ្នង​នៅ​បុរី​ពិភពថ្មី(សាខា​កំបូល) បាន​ជួ​ប្រទះ​បញ្ហា ដូចខាងក្រោម៖ ទី១ ប្រេះ​ខ្លាំង​ស្ទើរ​គ្រប់កន្លែង ទី២ជាន់​ឡៅតឿ បន្ទប់​មុខក្រោយ​ប្រេះ​ប្លង់​សេ ទី៣ ជញ្ជាំង​ជណ្តើរ​ប្រេះ​កាត់​ទទឹង៣កន្លែង ប្រវែង​ជាង២ម៉ែត្រ ទី៤កែង​ក្រោម​ជណ្តើរ​ប្រេះ ទី៥ បន្ទប់ទទួលភ្ញៀវ​ប្រេះ​ជញ្ជាំង​បញ្ឈរ និង​ទី៦ ជញ្ជាំង​ខាងក្រៅ​ផ្ទះ​ប្រេះ​ឡើង​សុស​ដូច​ទូរស័ព្ទ​បែក​អេក្រង់ ។ នេះ​នាង​មិនទាន់​ទាំង​បាន​បូករួម​នូវ​បញ្ហាធំៗមួយចំនួនទៀត​នៃ​សំណង់​គ្មាន​គុណភាព​នេះ ។

ម្ចាស់​អា​ខោ​ន​ឈ្មោះ​Limspirations បាន​បង្ហោះ​ជា​វីដេអូ​ឃ្លី​ប ក្នុងន័យ​ផ្ញើ​ទៅកាន់​អ្នកឧកញ៉ា ហុង ពី​វ ដែល​ត្រូវជា​ម្ចាស់​បុរី​ពិភពថ្មី មេត្តា​ចេញមុខ​ដោះស្រាយ​ពី​បញ្ហា​សំណង់ផ្ទះ​ល្វែង​របស់​នាង ដោយ​នាង​បញ្ជាក់ថា ក្នុងនាម​ខ្ញុំ​ជា​ភ្ញៀវ ទិញ​ចំ​របស់​គ្មាន​គុណភាព ហើយ​ព្យាយាម​ទាក់ទង​ខាង​បុរី ប៉ុន្តែ​គ្មាន​ដំណោះស្រាយ គ្មាន​ពាក្យសម្តី​ពិតប្រាកដ គ្មាន​ពេលវេលា​ជាក់លាក់ តែងតែ​បង្អង់​ពេល ពន្យារពេល ទាំង​ដែល​ផ្ទះ​នៅក្នុង​ការធានា​ជួសជុល​នៅឡើយ ។

ម្ចាស់​អា​ខោ​ន​រូបនេះ​បាន​បន្តថា ការសន្យា និង​កំណត់​ថ្ងៃ​ចូល​ជួសជុលផ្ទះ​ទាក់ទង​ទៅ​បុគ្គលិកម្តងៗ គឺ​រុញ​ឲ្យ​ទាក់ទង​ទៅ​មេជាង​ផ្ទាល់ ឬ​សុំ​ពេលខ្លះ តែងតែ​សុំ​ពេល៧ថ្ងៃ ថា​មាន​ជាង​ចូល​មើល ចូល​ជួសជុល តែ​មិន​ដែលមាន​ជាង​មក​ទេ ៧ថ្ងៃ​ក្លាយទៅជា៧អាទិត្យ ហើយក៏​ក្លាយទៅជា​រាប់​ខែ។ បើខ​ល​ទៅ​មេជាង លើក​ណា​ក៏​គ្មាន​ពេល ក៏​រវល់ ក៏​ជាប់ដៃ… ហេតុ​អី​ផ្ទះ​គេ​មាន​ជាង​ធ្វើ ឯ​ផ្ទះ​ខ្ញុំ​គ្មាន?។ ម្ចាស់​អា​ខោ​ន​ខាងលើ​បាន​បញ្ចេញ​ជាម​តិ និង​បង្ហាញ​ឲ្យ​អស់ពី​បេះ​ដូ​របស់ខ្លួន​ពី​ការយោគយល់​ច្រើនណាស់​ដល់​បុរី​ពិភពថ្មី​នេះ ក្នុងនោះ​នាង​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​ដឹងថា ផ្ទះ​ធ្វើ​រួច គេ​តែងតែ​ដក​ជាង ទើប​ខ្ញុំ​តែងតែ​ផ្តល់​ពេលវេលា​សម្រាប់​ពួកគាត់ ប៉ុន្តែ​ការ​យល់យោគ​របស់ខ្ញុំ បាន​តបស្នង​មកវិញ ជាការ​មើលងាយ ជំនឿ​ទុកចិត្ត​របស់ខ្ញុំ​ចំពោះ​ពួកគាត់​ទៅវិញ ។

ម្ចាស់​អា​ខោ​ន​រូបនេះ មិន​ត្រឹមតែ​សូម​ឲ្យ​សេដ្ឋី​ចិត្តធម៌ អ្នកឧកញ៉ា​ហុង ពី​វ ចេញមុខ​មក​ដោះស្រាយ​ប៉ុណ្ណោះ​ទេ រាល់​បញ្ហា​ខាងលើ ក្នុងនោះ នាង​ថែមទាំង​បញ្ជាក់​យ៉ាង​លម្អិត​អំពី បុគ្គលិកលក្ខណៈ​របស់​បុគ្គលិក និង​ជាង​របស់​បុរី​ពិភពថ្មី ជូនទៅ​អ្នកឧកញ៉ា​ហុង ពី​វ នោះ​ទៀតផង​ថា បុគ្គលិក​មួយចំនួន​តូច មាន​អាកប្បកិរិយា​មិន​សមរម្យ សម្តី​មធ្យម ងំ​ទឹកមុខ​ហ្នឹង​ហ្ន​ង ខ្ញុំ​មិន​ចង់​បង្ហោះ​រូប​ពួកគាត់​ទេ ព្រោះ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​ពួកគាត់ ឬ​អាច​និយាយបានថា ខ្ញុំ​គោរព​សិទ្ធិ​របស់​ពួកគាត់ ខ្ញុំ​សូម​សំណូមពរ​ដល់បងៗ មេត្តា​រួសរាយ​ដល់​អតិថិជន​ផង មិន​ថា ពួកគាត់​ជា​អ្នកមាន អ្នកមធ្យម អ្នកក្រ ឬ​ក្រ​រហាម ពាក់​ខោ​មិន​ខោ អាវ​មិន​អាវ​ក៏ដោយ ក្នុងនាម​ពួក​បង​ជា​អ្នកលក់ គួរ​គោរព​ដល់​អតិថិជន នេះ​ជា​ចំណេះដឹង​មូលដ្ឋានគ្រឹះ​របស់​អ្នកលក់ (Selling the most basic knowledge) ។

ម្ចាស់​អា​ខោ​ន​លើកឡើង​ទៀតថា បើ​មេជាង​មិញ មហា​សន្យា អត់​កូនជាង​រហូត គិតថា ខ្ញុំ​អត់​គ្រាប់ភ្នែក​មែន? ផ្ទះ​ជិត​ខ្ញុំ​ចូលធ្វើម្តងៗ ជាង១០កូនជាង តែ​ផ្ទះ​ខ្ញុំ ប្រាប់​ចង់​ស្ទិ​ក​មាត់ ក៏​គាត់​ថា អត់​ដែរ ហើយ​អាសូរ​តែ​ការិយាល័យ​នៅឯណា ព្រះ​អើយ នៅ​ជិត​ផ្ទះ​ខ្ញុំ​សោះ ។ ដោយសារតែ​ពុំទាន់​មាន​ដំណោះស្រាយ ទើប​ម្ចាស់​អា​ខោ​ន​រូបនេះ ថែមទាំង​លើកឡើង​អំពី​នីតិវិធី​នៃ​ការ​ជាវ​ផ្ទះ​នេះ​ថែមទៀត ក្នុងនោះ នាង​លើក​អំពី​កាលបរិច្ឆេទ​បង់ប្រាក់ ដោយ​បញ្ជាក់ថា នាង​ខ្ញុំ​ជាម​នុស្ស ដែល​គោរព​លក្ខខណ្ឌ និង​សំណើ​របស់​អ្នកដទៃ ជាពិសេស​គឺ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​លុយ នាង​ខ្ញុំ​ពុំដែល​បង់ប្រាក់​ជូន​បុរី​ខកខាន ឬ​មិន​ទៀងទាត់​រហូត​ឈានដល់​ការផាកពិន័យ​នោះទេ ។ ប៉ុន្តែ​ខាង​បុរី​វិញ ទី១ ប្រគល់​ផ្ទះ​ឲ្យ​ខ្ញុំ​យឺត១ខែ(ទាំង​ខ្ញុំ​តឿន​ផង បើ​មិន​តឿន​មិនដឹង​ប៉ុន្មាន​ខែ​ទេ) ទី២ សន្យា​ប្រគល់​សោ រួច​ចូល​ប៉ះប៉ូវ​បន្ថែម តែ​មិនឃើញ​ទង្វើ… ទាំង​ដែល​ខាង​បុរី​និយាយ​ផ្ទាល់ សុំ​ឲ្យ​ខ្ញុំ​ទទួល​សោ​សិន រួច​គាត់​នឹង​ចូល​ធ្វើតាម​ក្រោយ ៣ សន្យា​ជួសជុល តែ​ពន្យារពេល​ឥត​ល្ហែ ពន្យារពេល​ដល់​ជិត​ផុត​កុងត្រា ។ ក្នុង​កិច្ចសន្យា សរសេរថា​ពិន័យ​ចំពោះ​អតិថិជន​ដែល​បង់ប្រាក់​យឺតយ៉ាវ ចាប់ពី​រយះពេលប៉ុន្មាន… នឹងត្រូវ​ពិន័យ៥ភាគរយ ប៉ុន្តែ​ពេលដែល​បុរី​មាន​កំហុស​យឺត​វិញ យឺត​រហូត​រាប់​ខែ ហេតុអ្វី​គ្មាន​ការបញ្ចុះ​ការប្រាក់​ជូន​អតិថិជន? ឬក៏​បុរី​តែងតែ​ត្រូវ អតិថិជន​តែងតែ​ខុស ។

ម្ចាស់​អា​ខោ​ន​បាន​បន្តថា ចំពោះ​បញ្ហា​ទំនួល​ខុសត្រូវ ប្រសិនបើ​ផ្ទះ​ខ្ញុំ​ផុត​កុងត្រា ខ្ញុំ​មិន​និយាយ​ទេ តែ​នេះ​នៅក្នុង​កុងត្រា ហេតុអ្វី​តែងតែ​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​របស់​អតិថិជន​ដែល​បាន​ជូនដំណឹង​ទៅ? ចាំ​ដល់​បាក់​គ្រឹប ចុះមក​ទើប​បុរីរ​កជាង​បាន? ឯណា​ទៅ​ទំនួល​ខុសត្រូវ? តើ​កិច្ចសន្យា​នៅមាន​សុពលភាព​ដែរ​ទេ បើ​អ្នកលក់​មិន​គោរព​កិច្ចសន្យា​ផង​នោះ ។

អាចជា​ការក្តៅក្រហាយ ឈឺ​ចុកចាប់​ក្នុង​ចិត្ត​ពេក ទើប​អតិថិជន ដែល​បាន​ជាវ​ផ្ទះល្វែង​បុរី​ពិភពថ្មី (សាខា​កំបូល) ដែល​ម្ចាស់​អា​ខោ​ន​ឈ្មោះ Limspirations ថែមទាំង​បញ្ចេញ​នូវ​សំណួរ ដោយ​បញ្ជាក់ថា សំណួរខ្លីៗ សួរ​ទៅកាន់​អ្នកលក់ ១ បើ​គេ​ធ្វើ​ផ្ទះ​បែបនេះ​លក់​ឲ្យ​អស់លោក​វិញ តើ​មាន​អារម្មណ៍​យ៉ាងណា? ទទួល​បានទេ? ទី២ តើ​លោក​នឹង​រក​វិធី​អ្វី​មក​ដោះស្រាយ បើសិន​ផ្ទះ​មាន​បញ្ហា តែ​គ្មាន​ការ​អើពើ​ពី​អ្នកលក់? ទី៣ បើ​បាក់ស្រុត​ចុះមក នរណា​ទទួលខុសត្រូវ ។ នាង​បាន​រំលឹក​ទៀតថា ចុះបើ​ក្នុង​លក្ខខណ្ឌ ទី១ ខ្ញុំរ​កជាង​មក​ធ្វើ​ដោយផ្ទាល់ ហើយ​បុរី​ជា​អ្នក​ទូទាត់​លុយ ព្រោះ​បុរី​ពិបាករ​កជាង​ខ្លាំងណាស់? ទី២ ប្រគល់​លុយ​ដែល​ខ្ញុំ​បាន​បង់ តាំងពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ មកដល់​បច្ចុប្បន្ននេះ​មក​ខ្ញុំ​វិញ (ទាំង​ការ​ទាំង​ដើម) ហើយ​សងជំងឺចិត្ត​ខ្ញុំ៥០ភាគរយ​នៃ​តម្លៃ​ផ្ទះ​ទាំងមូល ខ្ញុំ​នឹង​រើចេញ​ក្នុង​រយៈពេល១០ថ្ងៃ ព្រោះ​អ្នក​លក់បាន​បំផ្លាញ​ជំនឿ​ទុកចិត្ត​របស់​ភ្ញៀវ ។

ម្ចាស់​អា​ខោ​ន​ខាងលើ​បាន​គូសបញ្ជាក់ថា នៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ខ្ញុំ​បានបញ្ជាក់​ជាមួយ​បងស្រី​ផ្នែក​បេឡា​ឈ្មោះ សំផស់ ថា ប្រសិនបើ​នៅតែ​សន្យា​ខ្យល់​មិន​ដោះស្រាយ​ឲ្យ​ខ្ញុំ​ទៀត ខ្ញុំ​នឹង​លេង​តាម​ហ្នឹងហើយ, ហើយ​គាត់​ក៏បាន​ឆ្លើយថា ចាស់ (ក្នុង​ទូរស័ព្ទដៃ​របស់ខ្ញុំ ក៏បាន​ថត​សំឡេង​គាត់​ទុក​ដែរ) ។ ជា​ចុងក្រោយ នាង​សូម​សំណូមពរ​ដល់​ពុក​ម៉ែ បងប្អូន ដែលមាន​បំណង​ចង់​ទិញ​ផ្ទះ​នៅ​បុរី​ពិភពថ្មី​សាខា​កំបូល សូម​ប្រយ័ត្នប្រយែង ឲ្យ​មាន​មែនទែន​ណា ចៀស​វាស​មានការ​ស្តាយ​ក្រោយ​ទៅ​ថ្ងៃមុខ បំណងល្អ​ពី​នាង​ខ្ញុំ ដែល​ឆ្លងកាត់​ផ្ទាល់ ។ ក្នុងនោះ​នាង​ថែមទាំង​បញ្ជាក់ថា មួយជីវិត​ខ្ញុំ​នេះ មិន​ដែលមាន​គំនុំ​គំ​គួ​ន​ជាមួយ​នរណាម្នាក់​ឡើយ ប្រសិនបើ​សម្តី​ខ្ញុំ​ដែល​និយាយ​ចេញមក​ថ្ងៃនេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​នាង​ខ្ញុំ​ទៅ​ថ្ងៃមុខ សូម​ពុក​មែ​បងប្អូន​ជួយ​ធ្វើជា​សាក្សី​ដល់​នាង​ខ្ញុំ​ផង ។

ជាក់ស្តែង នៅក្នុង​ការ​ខម​មិន​ចូល​លើ​អា​ខោ​ន​មួយ​នេះ ពិតជា​មាននូវ​ពាក្យពេចន៍​អសុរោះ និង​រិះគន់​យ៉ាង​ពេញទំហឹង​ពី​អតិថិជន​ទៅលើ​សំណង់​បុរី​ពិភពថ្មី​របស់​សេដ្ឋី​អ្នកឧកញ៉ា ហុង ពី​វ ដូចជា​ពាក្យ​ខ្លះ​ថា ហៅ​ជាង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង… អ្នក​ខ្លះទៀត បរិយាយ​ថា ខ្ញុំ​មិន​តែ​ជញ្ជាំង​បូក​ធ្វើ​មារៀលៗដូច​ទ្រុងមាន់ និង​មួយចំនួនធំ​ទៀត​បាន​លើកឡើងថា ឆ្ងាញ់​តែ​សម្តី​ពួក​បុគ្គលិក​លក់​ខ្លះ សម្តី​ពួកវាខ្លាំងៗណាស់ ដូច​វា​ហ្នឹង​ម្ចាស់​បុរី​អឺ​ចឹ​ង ធ្វើការ​ឲ្យ​គេ​ដែរ​សោះ មើល​សម្តី​ពួក​ហ្នឹង​ទៅ យកមុខ​ណាស់ ឲ្យ​ឆាប់​បាន​ឡើង​តំណែង ជា​បុគ្គលិក​ឆ្នើម លាមក​ស្អុយ​អី? ស្អប់​ត្រង់​សម្តី​ពួក​ហ្នឹង និយាយ​ពេលខ្លះ គ្មាន​ការអនុគ្រោះ ឬ​សម្តី​ជា​អ្នកចេះដឹង​សោះ ។ អ្នក​ខ្លះទៀត ថែមទាំង​បញ្ជាក់ថា ខ្ញុំ​បានឃើញ​ពួកគេ​ធ្វើ​ហើយ យក​ខ្សាច់​ស្អុយ​មក​បូក រឿង​អី​ផ្ទះ​មិន​ប្រេះ ហើយ​មាន​អ្នក​ខ្លះទៀត​ថែមទាំង​ខម​មិន និយាយត្រង់ៗថា មកពី​បុរី​នេះ ជួល​មេជាង​ជំនួស​វិស្វករ ក្នុងនោះ ក៏មាន​ទាំង​បង្ហាញ​នូវ​រូបភាព​ជញ្ជាំង ពិ​ដាន ប្លង់​សេ កន្លែង​ប្រេះ នៃ​សំណង់ផ្ទះ​ល្វែង​របស់​បុរី​ពិភពថ្មី​នេះ​យ៉ាង​សន្ធឹកសន្ធាប់​ថែមទៀត ។

ប្រជាពលរដ្ឋ​មួយចំនួន​បាន​លើកឡើងថា សំណង់​បុរីនីមួយៗ ចាំបាច់​ត្រូវមាន​ច្បាប់​សាងសង់ ចាប់តាំងពី​ថ្នាក់ភូមិ រហូតដល់​សង្កាត់ ខណ្ឌ ភូមិបាល​ខណ្ឌ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ និង​ឆ្លងកាត់​លោក​ទេសរដ្ឋមន្ត្រី​ជា សុផារ៉ា ។ ដូច្នេះ រាល់​ការសាងសង់​ម្ចាស់​សំណង់​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​គុណភាព ក៏ដូចជា​សោ​ភណ្ឌ​ភាព​ទៅតាម​អ្វីដែល​ច្បាប់​អនុញ្ញាត ក្នុងនោះ​មាន​ទាំង​ការធានា​បញ្ហា​ប្រព័ន្ធ​លូ ទឹក ភ្លើង សំណង់​ធ្វើតាម​ស្តង់ដារ​បច្ចេកទេស មិន​ឲ្យ​មាន​ករណី​ស្រុត​ប្រេះស្រាំ ដែលជា​ហានិភ័យ​ចំពោះ​អតិថិជន ក៏ដូចជា​មុខមាត់​ក្រុង​ផងដែរ ។

ផ្ទុយទៅវិញ សំណង់​បុរី​ពិភពថ្មី​របស់​អ្នកឧកញ៉ា ហុង ពី​វ បើ​យោងទៅតាម​ការលើកឡើង​ពី​អតិថិជន​រងគ្រោះ​ទិញ​សំណង់​ផ្ទះល្វែង ជួបប្រទះ​បញ្ហា​ប្រេះ​គ្រប់​ទីកន្លែង​ហើយ អ្វីដែល​ឈឺចាប់​បំផុត​នោះ​ត្រង់​ថា ទាំង​បុគ្គលិក ទាំង​មេជាង ទាំង​ថៅកែ​មិនបាន​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ចំពោះ​សំណង់​របស់ខ្លួន ទោះជា​មានការ​អង្វរក​ផង សំណូមពរ​ផង ទៅ​ជម្រាប ជូន​ផង ក៏​គ្មាន​នរណា​មក​ជួសជុល មិន​ខុសពី​អ្វីដែល​ម្ចាស់​អា​ខោ​ន​ខាងលើ​បាន​រៀបរាប់​នោះឡើយ ។

បើទោះជា​មាន​ករណីបែបនេះ​ក៏ដោយ សារព័ត៌មាន​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ​ពី​ម្ចាស់​បុរី​ពិភពថ្មី​ចិត្តធម៌​អ្នកឧកញ៉ា ហុង ពី​វ នៅ​ព្រឹក​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ។

ដោយឡែក ក៏​មានមតិ​មួយចំនួន បានលើកឡើង​ផងដែរ​ថា បញ្ហា​សំណង់​គ្មាន​គុណភាព​ដូចជា​ប្រេះ​នេះ​គឺ​កើតឡើងជារឿយៗ ក្នុងនោះ​ករណីខ្លះ ក៏​មិនបាន​សង់​ទៅតាម​ស្តង់ដារ​បច្ចេកទេស​ច្បាប់​អនុញ្ញាត​ដែរ ដូច្នេះ​គួរតែ​ខាង​ជំនាញ​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​ខាង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ មេត្តា ពិនិត្យ​ជាក់ស្តែង​ផង​ថា តើ​ម្ចាស់​បុរី​គាត់​បាន​គោរព​ទៅតាម​ច្បាប់​អនុញ្ញាត​ដែរឬទេ បើ​ពុំ​នោះទេ អតិថិជន​ជា​ប្រជាពលរដ្ឋ គាត់​នឹងរង​គ្រោះ ហើយ​គ្មានទេ​ដំណោះស្រាយ ក៏ដូចជា​ភាពយុត្តិធម៌​សម្រាប់​ពួកគាត់ មានន័យថា អ្នកទិញ​ចាំតែ​ខុស អ្នកលក់​ចាំតែ​ត្រូវ ជា​វប្បធម៌​ដ៏​អាក្រក់​បែបនេះ​រហូត​ឬ ?៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya