ក្រចេះ ៖ នៅវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃ៥ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចខាងមន្ទីពេទ្យបង្អែក ខេត្ត ក្រចេះ ។
បុរសវ័យចំណាស់ម្នាក់បានដកកាំបិត ចាក់ខ្លួនឯងចំនួន៤ កាំបិត ដោយមិនដឹងមូលហេតុ ខណៈដែលបុរសនេះ ដើរចេញពីក្នុងមន្ទីរពេទ្យ ឆ្ពោះមកក្រៅរបងមន្ទីពេទ្យ ។
បើតាមរៀបរាប់ របស់ស្ត្រីប្រពន្ធជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល វះកាត់បំពង់ក បានឲ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ គង់ ស្រ៊ាន អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិក្រហមកលើ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយពួកគាត់បានមកសម្រាកព្យាបាល វះកាត់បំពង់ក នៅក្នុង មន្ទីពេទ្យ រយៈពេល៤ថ្ងៃ មកហើយ ក៏ពុំដែលមានបញ្ហាអ្វី
ដែរ គឺបុរសជាប្តីតែងតែនៅមើលថែប្រពន្ធ ចាប់តាំងពីគ្រូពេទ្យវះកាត់ហើយម្ល៉េះ ។
បើតាមអ្នកជំងឺ ដែលសម្រាកព្យាបាលនៅក្បែរនោះ បានឲ្យដឹងថា ពួកគាត់បានឃើញបុរសជនរងគ្រោះ ដើរអើតចុះឡើង ក្បែរបង្អួច ដោយមាន កូនកាំបិតមួយរុំសៀតក្នុងអាវ ដោយពុំមានអ្នកចាប់អារម្មណ៍នោះឡើយ លុះមួយសន្ទុះក្រោយមក ទើបមានការផ្អើលឆោឡោ ថាបុរសជនរងគ្រោះ បានដើរទៅក្រៅរបង រួចសើយអាវ ដកកាំបិត
ចាក់ពោះខ្លួនឯង ចំនួន ៤កាំបិត រហូតហូរឈាម ធ្លាយចេញពោះវៀន ត្រូវបានអ្នកឃើញហេតុការណ៍ ជួយនាំយកទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យវិញ ។
ស្ត្រីជាប្រពន្ធ បានរៀបរាប់ឲ្យដឹងទៀតថា ប្តីប្រពន្ធរបស់គាត់ តាំងតែពីដើមមកមិនចេះឈ្លោះគ្នានោះទេ ហើយប្តីរបស់គាត់ស្រឡាញ់កូនៗណាស់មិនដឹងមូលហេតុអ្វី បានជារឿងវាកើតឡើងយ៉ាងហ្នឹង គាត់ពិតជាមិនដឹងមូលហេតុអ្វីនោះទេ ៕ ឌឹម សឿន
» Breaking News, ព័ត៌មានជាតិ » បុរសវ័យចំណាស់ម្នាក់ ដកកាំបិត ចាក់ខ្លួនឯង ធ្លាយពោះ