ភ្នំពេញ ៖ កាលពីវេលាម៉ោង ២២យប់ ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ។ នគរបាលចរាចរណ៍ម្នាក់ បានរងរបួសបែកក្បាលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ដោយសាររថយន្តប៉ាសេរ៉ូ មួយគ្រឿង បានបើកបុកពីក្រោយខណៈកំពុងជិះម៉ូតូ ។ ប៉ូលិសចរាចរណ៍ដែលរងគ្រោះថ្នាក់នោះ មានឈ្មោះ សួន សុខែម អាយុ៣០ឆ្នាំ មុខងារជាប៉ូលិសចរាចរណ៍រាជធានីភ្នំពេញ ។
ប្រភពពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ ជិះម៉ូតូស៊ីរូស ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ1AS-8440 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅ ពីកើតទៅលិច ។
ខណៈជិះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តប៉ាសេរ៉ូ មិនស្គាល់ស្លាកលេខ បើកយ៉ាងលឿនស្របទិសគ្នា ហើយក៏ជ្រុលបុកម៉ូតូរបស់នគរបាលចរាចរណ៍នោះពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូដួលបោកក្បាលរងរបួសហូរឈាមស្រោចខ្លួន ។ ចំណែករថយន្តបង្ក បានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោលភ្លាមៗតែម្តង ៕