ភ្នំពេញ ៖ កាលពីថ្ងៃទី០៤ ខែធ្នូ ចំពោះជនជាប់ចោទឈ្មោះ តោ ពិសិទ្ឋិ អាយុ២១ឆ្នាំ និងឈ្មោះ ជូន ផាត់ អាយុ២៣ឆ្នាំ ដែលហេតុការណ៍សម្លាប់អារកប្លន់យកម៉ូតូនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនល្មើសចំនួន២នាក់ ត្រូវបានសាលាឧទ្ឋរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ដោយជនល្មើសត្រូវជាប់គុកអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន ក្នុងការរៀបចំគម្រោងសម្លាប់មិត្តភក្តិខ្លួនឯងប្លន់យកម៉ូតូ ។
ជនល្មើសទាំងពីរនាក់នៅថ្ងៃកើតហេតុ បានបបួលជនរងគ្រោះឈ្មោះ សក្តា ទៅផឹកស៊ី នៅឃ្លាំងលក់ដែកមួយកន្លែង ។ លុះពេលជនរងគ្រោះស្រវឹង ក្រុមជនល្មើសបានព្រួតគ្នា វាយ និងអារកសម្លាប់ជនរងគ្រោះ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ រួចយកម៉ូតូលក់បាន៤០០ដុល្លារ ។ ប៉ុន្តែទីបំផុតជនល្មើសទាំងពីរនាក់ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការទាំងពីរថ្នាក់ ផ្តន្ទាទោសក្នុងម្នាក់ៗអស់មួយជីវិត៕