ភ្នំពេញ ៖ ស្ដ្រីម្នាក់បានអង្គុយយំហើមភ្នែក ហើយបានដាក់ពាក្យបណ្ដឹងទាមទារប្រាក់ដែលបាត់បង់មកវិញ បន្ទាប់ពីទិញស្ករសចំនួន២២បាវពីកម្មករ២នាក់ ដែលលួចពីឃ្លាំងយកមកលក់ឱ្យ ហើយត្រូវម្ចាស់ស្ករសមកយកវិញ ដោយឱ្យបង់ខាតជាទឹកប្រាក់ចំនួន១៥០ដុល្លារ ដោយចោទថាទទួលទិញផលចោរកម្ម រហូតមានការតវ៉ាទាមទារពីភាគី
ម្ខាងដែលអះអាងជាជនរងគ្រោះក្នុងករណីនេះ ឈានដល់ការប្ដឹងផ្ដល់គ្នាទៀតផង ។
ឈ្មោះ អ៊ិត ណៃហេង អាយុ៣៩ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ និងភាគីម្ខាងទៀតដែលអះអាងថាជាម្ចាស់ស្ករសដែលកម្មករលួចយកមក លក់ មានឈ្មោះ ស៊ិន យូហួរ អាយុ៥៥ឆ្នាំ មានទីលំនៅជិតសាលាទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
តាមសេចក្ដីរាយ ការណ៍បានឱ្យដឹងថា ក្នុងការជជែកតវ៉ាទាមទារនោះ អ្នកស្រី ស៊ិន យូហួរ បានយល់ព្រមសងលុយមកអ្នកស្រី តឹក ណៃអេង វិញ ប៉ុន្ដែមិនសងគ្រប់ចំនួនទេ ដោយឱ្យអ្នកស្រីបង់ខាតចំនួន១៥០ដុល្លារ ។ ចំណែក អ្នកស្រី អ៊ិត ណៃហេង មិនព្រមទេនៅតែទាមទារប្រាក់គ្រប់ចំនួន៥០០ដុល្លារដដែល ហើយអ្នកស្រីនិយាយថា បើមិនសងគ្រប់ចំនួនទេ គាត់មិនព្រមប្រគល់ស្ករសទៅអ្នកស្រី ស៊ិន យូហួរ ទេ បើមិនដូច្នេះត្រូវនាំខ្លួនកម្មករ២នាក់ដែលលក់ស្ករសឱ្យអ្នកមកសិន ទើបគាត់ប្រគល់ឱ្យ ៕