ភ្នំពេញ: ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ ក្រុមកម្មកររោងចក្រ SL បានបញ្ចប់កូដកម្ម ជាស្ថាពរ ហើយបានវិលត្រឡប់ចូលធ្វើការឡើងវិញហើយ បើទោះបីជានៅព្រឹកនេះ តំណាងសហជីពកម្មករ ប្រចាំរោងចក្រ SL ដែលវិលមកធ្វើទាំងនោះត្រូវបានរោងចក្រចាក់សោបិទទ្វារមិនឲ្យចូល កន្លែងធ្វើការក៏ដោយ។នេះបើតាមការបញ្ជាក់របស់តំណាង
កម្មករ លោក តេង រី។
លោក តេង រី តំណាងសហជីពកម្មករ ប្រចាំរោងចក្រ SL ដែលស្ថិតក្នុងចំណោមតំណាងកម្មករ ១៩ នាក់ ដែលរោងចក្រ ទើបព្រមទទួល ឲ្យមកធ្វើការវិញ បានឲ្យដឹងថា ក្រុមកម្មករទាំងអស់ បានចូលធ្វើការឡើងវិញ នៅព្រឹកថ្ងៃទី៤ធ្នូនេះ បន្ទាប់ពីការសម្របសម្រួលដោះស្រាយពីរដ្ឋាភិបាល។ តែក្រុមហ៊ុន បានចាក់សោទ្វារ មិនឲ្យតំណាងកម្មករ ដែលធ្វើការតវ៉ា ចូលកន្លែងធ្វើការទេ។ តែសហជីពនឹងព្យាយាមសម្របសម្រួល ឲ្យតំណាងសហជីពទាំងនោះបានចូលធ្វើការឡើងវិញ។
អំពីប្រាក់ខែ ៥០% ដែលកម្មករប្រមាណ ៤០០០ នាក់ ត្រូវទទួលបាន ក្នុងរយៈពេលធ្វើកូដកម្ម រយៈពេល ៤ ខែ ចាប់តាំងពីថ្ងៃទី១២កញ្ញា គឺសហជីពកម្មករ កំពុងរៀបចំបញ្ជីឈ្មោះ បញ្ជូនទៅក្រុមអ្នកបញ្ជាទិញ ដើម្បីអាចបើកប្រាក់ខែទាំងនោះ បានក្នុងរយៈពេល ១ សប្តាហ៍ទៀត៕
» Breaking News, ព័ត៌មានជាតិ » កម្មកររោងចក្រ SL បញ្ចប់កូដកម្ម ជាស្ថាពរ នៅថ្ងៃទី៤ធ្នូ