កណ្តាល ៖ បុរសវ័យ២៥ឆ្នាំ ជាកម្មករធ្វើជ្រូកម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈដែលជិះម៉ូតូក្នុងល្បឿនលឿនទៅបុកគូទរថយន្តពីក្រោយពេញទំហឹង និងម្នាក់ទៀតរងរបួសធ្ងន់។ នៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៣ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1M-6256 មានឈ្មោះ លន់ សុភក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករធ្វើជ្រូក មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ស្រុកកំណើតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ស្លាប់នៅនឹងកន្លែងកើតហេតុ អ្នករងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះឡើយបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
ចំណែករថយន្តបើកគេចបាត់ ព្រោះតំបន់គ្រោះថ្នាក់ជាកន្លែងស្ងាត់ តែតាមប្រជាពលរដ្ឋអះអាងថា ជាប្រភេទរថយន្តកុងតឺឈប់នៅលើផ្លូវគ្មានដាក់ភ្លើងសម្គាល់៕