បាត់ដំបង ៖ កម្មកររ៉ែមាសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសស្រាល ខណៈដែលកំពុងជីកកាយយករណ្តៅរ៉ែមាសចាស់បាក់សង្កត់ពីលើ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភ្នំត្រង៉ោល ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹត្ស ស្រុកភ្នំព្រឹក្សខេត្តបាត់ដំបង។
នគរបាលស្រុកភ្នំព្រឹក លោកអធិការ សុង សុភ័ក្ត្រ បានឲ្យដឹងថា បុរសដែលបាត់បង់ជីវិតមាន ឈ្មោះ ប៊ន បឿន អាយុ៣១ឆ្នាំ និងម្នាក់ទៀតដែលរងរបួសស្រាលមានឈ្មោះ អ៊ាក គ្រី យុ២១ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិកើតហេតុខាងលើ។
ឈ្មោះ អ៊ាក គ្រី បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួននិងជនរងគ្រោះបាននាំគ្នាមកជីករ៉ែមាសនីកន្លែងរណ្តៅចាស់ ដែលគេធ្លាប់ជីកពីមុននៅលើភ្នំត្រង៉ោល ពេលកំពុងកាយយករ៉ែ ស្រាប់តែរណ្តៅនោះបាក់ស្រុតសង្កត់បណ្តាលអោយឈ្មោះ ប៊ន បឿន ស្លាប់តែម្តង ចំណែកខ្លួនបានស្ទុះរត់ឡើងលើរណ្តៅទាន់ពេលវេលា។
គួរបញ្ជាក់ថា តំបន់រ៉ែមាសនេះកាលពីឆ្នាំ២០១២ មានអ្នកធ្វើយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែក្រោយមកត្រូវសាលាដំបូងខេត្ត បាត់ដំបងចុះបង្ក្រាប បានរត់ខ្ចាត់ខ្ចាយអស់ ហើយនៅចុងឆ្នាំ២០១៣នេះ មានអ្នកខ្លះបានលួចទៅធ្វើទៀត ខ្លះជីកតាមរណ្តៅរ៉ែចាស់ ធ្វើឲ្យមានករណីកើតឡើងខាងលើ ៕