កំពង់ធំ ៖ មិនខុសពីពាក្សចាស់លោកពោលថាត្រីងៀតឆ្លៀតពងនោះទេ បុរសម្នាក់ឈ្មោះ សុន ផល ភេទប្រុសអាយុ ៤២ឆ្នាំ រស់នៅភូមិពលៀជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ បើកបររថយន្តកូរ៉េ ៣តោនកន្លះ ពាក់ផ្លាខលេខ កំពង់ធំ3A1010 រកស៊ីដឹកស្រូវ និងដឹកទំនិញផ្សេងៗសព្វសារពើមិនសូវចំណេញ ក៏បែកគំនិតឆ្លៀតឱកាសដឹកបង្កប់ឈើប្រណិតនៅពីខាងក្រោមបាតរថយន្ត ចៃដន្យសំណាងអាក្រក់ដល់ថ្ងៃអន្សាអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចកាលពីវេលាម៉ោង១១.០០នាទីយប់ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៣ នៅចំនុចភូមិក្រយៀ ឃុំក្រយៀ ស្រុកប្រាសាទបល្ល័ង្គ។
លោក អនុសេនីយឯក ផល ធឿន អធិការរងស្រុកប្រាសាទបល្ល័ង្គបានឲ្យដឹងថា!នៅពេលដែលរូបលោកកំពុងតែធ្វើដំណើរក៏ប្រទះឃើញរថយន្តខាងលើគួរឲ្យមានការសង្ស័យ ក៏បានទូរស័ព្ទរាយការណ៏មកលោកនាយផ្នែករដ្ឋបាលព្រៃឈើស្ទោងជាបន្ទាន់។ពេលនោះលោក នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានចាត់ឲ្យមន្ត្រីក្រោមឱវាទរួម
សហការគ្នាជាមួយកំលាំងសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យទៅដល់ សុំធ្វើការត្រួតពិនិត្យ។ នៅពេលដែលកំលាំងសមត្ថកិច្ចបើកជញ្ជាំងរថយន្តនោះទាំងសងខាងក៏ប្រទះ ឃើញសុទ្ធតែឈើប្រណីត រួចក៏នាំយកមកកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោង ធ្វើការរើស្រូវចេញ មានឈើប្រណិតប្រភេទ(ធ្នួង)និងប្រភេទនាងនួនសរុបមាន ចំនួន
៣៨ដុំ!យកមកធ្វើការចងក្រងសំនុំរឿង រួចចាត់ការទៅតាមច្បាប់៕ ដោយ អ៊ុងសំអាត
» Breaking News, ព័ត៌មានជាតិ » រកស៊ីដឹកស្រូវមិនសូវចំណេញឆ្លាតដឹកឈើប្រណីត ដល់ថ្ងៃអន្សាជាប់អន្ទាក់សមត្ថកិច្ច