ភ្នំពេញ៖ ប្រភពព័ត៌មានចេញពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានបង្ហើរយ៉ាងកងរំពងពេញព្រៃប្រឹក្សាលតាវល្លិ៍ដោយរអ៊ូរទាំពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំឈួរ សុធាស៊ីដាច់លុយ(ថវិកា)សម្រាប់ថែទាំនិងជួសជុលផ្លូវឆ្នាំ២០១៣ព្រមទាំងលុយរបបរបស់មន្ត្រីរាជការក្រោមឱវាទក្នុងរង្វង់ទឹកប្រាក់ជិត៣៥០លានរៀល។
ប្រភពព័ត៌មានពីមាត់ចាប មាត់ព្រាប ទាំងនោះបានបន្តថ្ងួចថ្ងូរអាណិតមន្ត្រីក្រោមឱវាទថាមិនគួរធ្វើការប៉ះចំលោកមេចេះស៊ីដាច់បែបនេះទេ កុំថាលុយធ្វើផ្លូវនិងថែទាំផ្លូវសូម្បីតែប្រាក់របបរបស់មន្ត្រីថ្នាក់ក្រោមទាំង៨ស្រុកក៏អស់រលីងដែរ។ ទោះជាយ៉ាងណាប្រយ័ត្នបែកពោះលោកប្រធាន!។ ស្តាប់ទៅដូចជាលោកប្រធានមន្ទីរពូកែធ្វើឯកសារ
ណាស់! ពិតជាស៊ីដាច់តាមជំនាញមែន!
គេបានឮការតម្អូញតម្អែរពីមន្ត្រីល្អិតល្អោចដ៏គួរឱ្យអាណិតទាំងនោះគឺថារឿងនេះមិនមែនទើបតែកើតមានទេគឺកើតជាយូរមកហើយៗលោកប្រធានមន្ទីរ ដ៏មហិមាក៏ធ្លាប់ត្រូវបានថ្នាក់លើ ហៅមកកោសខ្យល់ធ្វើសរសៃម្តងដែរ កាលពីឆ្នាំ២០១១។ គេនិយាយថា ឆ្កែកន្ទុយខ្វៀននៅតែខ្វៀន!របៀបរបបកិបកេងរបស់លោកឈួរសុធាពិតជាមិនធម្មតាមែន បើអ្នកល្មមៗមើលមិនដឹងទេ។ ប៉ុន្តែចេះអ្វីរមែង ហ្នឹងរបេះក្បាច់។
គេនិយាយថា គាត់យកលុយថែទាំនិងជួសជុលផ្លូវនោះទៅធ្វើដែរ គឺធ្វើផ្លូវបេតុងក្នុងឃុំអាចារ្យលាក់ តាមពិតបេតុងដើម្បីបិទបាំងទង្វើទុច្ចរិតរបស់គាត់សោះ។
មាត់ចាបមាត់ព្រាបបានទទូចសូមអង្វរកដល់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទសូមជួយមើលនិងចាត់វិធានការផង បើដូចពាក្យតម្អូញតម្អែរ របស់មាត់ចាបមាត់ព្រាបមែនមិនគួរទុកឱ្យនៅកាន់តំណែងនេះទៀត ឬយ៉ាងម៉េច។
ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៥នៃរដ្ឋសភានីតិកាលទី៥សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានប្រកាសរួចហើយពីកំណែទម្រង់ស៊ីជម្រៅដោយមិនទុកឱ្យមន្ត្រីខិលខូច២-៣ធ្វើព្យុះធ្វើភ្លៀងទៀតទេកុំថាឡើយដល់ក្រសួងគ្រួសារ សូម្បីការិយាល័យបក្ខពួកក៏មិនឱ្យមានដែរ។ ទោះជាយ៉ាងណាក៏ដោយរឿងរ៉ាវស៊ីដាច់លុយនេះ សូមទុកភារកិច្ចនេះឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ជួយអង្កេត ពីក្រោយទៅចុះ រីឯកាសែតអរិយធម៌មិនដឹងការពិតយ៉ាងណានោះទេ ព្រោះមិនអាចទាក់ទងលោកប្រធានមន្ទីរបាន
ប៉ុន្តែបើលោកប្រសិនបានអានហើយសូមប្រាប់មកវិញផង យើងខ្ញុំស្វាគមន៍ ជានិច្ចក្នុងការបកស្រាយ៕ ដោយ៖ លីហ៊ាង
» Breaking News, ព័ត៌មានជាតិ » លោកប្រធានមន្ទីរ ស៊ីដាច់លុយជាតិ៣៥០លានរៀល