ប៉ោយប៉ែត៖ នារដូវកាលប្រមូលផលពោត ក្រហមជាលើកទី០២ នេះប្រជាកសិករប្រកបរបរកសិកម្ម ផ្នែកដំណាំពោតក្រហមនៅខេត្តបន្ទាយមានជ័យ បានសម្តែងការមិនសម្បាយចិត្តខណៈតម្លៃពោតឆ្នាំនេះចុះថោក កសិករម្នាក់ៗហាក់អស់សង្ឃឹមនឹងការប្រមូលផល ពោតពីកសិដ្ឋានរបស់ខ្លួន ។
កញ្ញាម្នាក់ឈ្មោះ សោម មល្លីកា អាយុ២១ឆ្នាំ មានដើមកំណើតនៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រដូវកាលទី០២នៃការប្រមូលទិន្នផលពោតក្រហមនាពេលនេះ គឺ កញ្ញា គ្មានកម្លាំងនឹងការប្រមូលទិន្នផលនោះឡើយ ព្រោះតម្លៃពោតឆ្នាំនេះមិនបានល្អដូចជាឆ្នាំកន្លងទៅនោះទេ។
ពោល គឺពោតក្រហមស្ងួតក្នុង១គីឡូក្រាមឈ្មួញឲ្យតម្លៃត្រឹមតែ៣\០៥ប្រាក់ បាតថៃវាស្មើនឹង៥០០នៃប្រាក់រៀលរបស់កម្ពុជាតែប៉ុណ្ណោះ ។
នាងបានបន្តថា តម្លៃពោតក្រហមឆ្នាំនេះបើយើងប្រៀបធៀបទឿនឹងឆ្នាំមុន គឺវាខុសគ្នារហូតដល់ទៅ២\០៥បាតឯណោះ ដូច្នេះកសិករភាគច្រើន បានកំពុងតែរុញរានឹងការលក់ចេញនូវទិន្នផលពោតរបស់ខ្លួនឲ្យទៅឈ្មួញកណ្តាល នាងបានឲ្យដឹងទៀតថា បើយើងប្រៀបធៀបចំណាយលើការដាំដុះថ្លៃពូជ និង ជួលដីសម្រាប់ធើ្វកសិកម្មវិញនោះ គឺមិនបាននៅសល់ប្រាក់ចំណេញទេ ។ កសិករខ្លះជាប់បំណុលគេវ័ណ្ឌកទៀតផង ដោយសារតែប្រកបរបរកសិកម្ម លើការដាំដំណាំពោតក្រហមនេះ ។
មល្លីកា បានបន្តរៀបរាប់អំពី ទិន្នផលដែលនាងទទួល ពីការដាំដំណាំពោតក្រហមប្រាប់ថា នាងមានផ្ទៃដីចំនួន០២ហិកតា គ្រួសាររបស់នាងបានដាំពោតនារដូវកាលទី០២នេះគឺទទួលបានទិន្នផលតែ៧០ ការុងទេ នាងថា ពោតក្រហម១ការុងវាមានទម្ងន់មធ្យមត្រឹមតែ៦៥គីឡូក្រាមប៉ុណ្ណោះ ដូច្នេះគ្រួសាររបស់នាងឆ្នាំនេះបានពោតត្រឹមតែ៤៥៥០គីឡូក្រាម ពេលលក់ចេញឬទទួលបានប្រាក់តែ២២៧៥០០០រៀលតែប៉ុណ្ណោះ។
កសិករដ៏មានសម្រស់សោភាដដែល បានឲ្យដឹងទៀតថា បើតំលៃពោតឆ្នាំនេះវាមានតម្លៃស្មើនឹងឆ្នាំកន្លងទៅនោះគឺគ្រួសារ នាងនឹងបានប្រាក់ចំណូលចំនួន៣៦៤០០០០រៀលតែថាដោយតម្លៃពោតក្រហមវាបាន ធ្លាក់ចុះ ឆ្នាំនេះនាងបានបាត់ប្រាក់ចំណូលរហូតដល់ទៅ១៣៦៥០០០រៀលឯណោះ ក្នុងផ្ទៃដីបង្កបង្កើនផលដំណាំពោត០២ហិកតា ។
លោក លីអ៊ុតនី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មូលហេតុដែលឲ្យតម្លៃពោតក្រហមរបស់កម្ពុជាធ្លាក់ថ្លៃនោះ ដោយសារពោតក្រហមនៅប្រទេសរបស់យើង មិនទាន់មានទីផ្សារទទួលទិញពីកសិករ នៅឡើយទេ លោកថា ទីផ្សារពោតសព្វថ្ងៃនេះពឹងផ្អែកតែលើទីផ្សារនៅប្រទេសជិតខាងដូចជា៖ថៃ និង វៀតណាម
ជាដើម ។
មន្ត្រីរូបនោះ បានបន្តទៀតថា រដូវកាលនេះគឺថៃគេបិទមិនទទួលទិញពោតក្រហមពីកម្ពុជាទេដ៏រាបណាពោតគេមិន ទាន់អស់ ដូច្នេះហើយទើបតម្លៃពោតវាធ្លាក់ចុះ លោកបានបន្តទៀតថា ពោតនឹងឡើងថ្លៃវិញ ប្រសិនបើទីផ្សារពោតនៅប្រទេសថៃខ្វះខាតនោះ ។ បែបណាក្តីសម្រាប់កសិករដែលប្រកបរបរកសិកម្មតាមជាយដែនខ្មែរថៃពេលនេះ កំពុងតែខ្វះខាតថវិកាបង្វិលសងឲ្យធនាគារវិញ ដូច្នេះពួកគាត់បានបង្ខំចិត្តលក់ទិន្នផលពោតទាំងដឹងថាតម្លៃធ្លា ក់ចុះដើម្បីប្រមូលថវិកា សងថ្លៃខ្ចីប្រាក់ពីធនាគារជាជាងគេប្តឹងរដ្ឋអំណាចអូសរឹបយកដីចំការ របស់ពួកគាត់ ជាមួយគ្នានេះដែរកសិករបានសំណូមពរឲ្យរាជរដ្ឋាភិបាលអាណតិ្តថ្មីនេះ មេត្តាជួយរកទីផ្សារទិន្នផលកសិកម្មក្នុងស្រុកឲ្យកសិករផង បើពុំនោះទេ កសិករមុខជាត្រូវរត់ចោលដីស្រែចំការជាក់ជាមិនខាន ប្រសិនបើរាជរដ្ឋាភិបាល នៅតែពឹងផ្អែកលើទីផ្សាររបស់ប្រទេសជិតខាងដូច្នេះតទៅទៀតនោះ ៕ នាយដន
» ព័ត៌មានជាតិ » កសិករនៅជាយដែនខ្មែរថៃ យំមិនចេញរឿងពោតក្រហមគ្មានទីផ្សារ