កណ្តាលៈ សង្វៀនបញ្ជល់មាន់ ក្នុងកាស៊ីណូជ្រៃធំ ដែលបានដំណើរការ ជាយូរឆ្នាំមកហើយនោះ គេឃើញប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាង គគ្រឹកគគ្រេង និងប្រជាពលរដ្ឋវៀតណាម ឆ្លងដែនមកលេងយ៉ាងច្រើនកុះករ ដែលម្ចាស់សង្វៀន តម្រូវឲ្យអ្នកមកលេង ត្រូវតែមានលុយចាប់ពី ២០០ដុល្លារ ដល់ ១០០០ដុល្លារ ហើយម្ចាស់សង្វៀន ដកតុងក្នុង១០០ដុល្លារ ១០ដុល្លារ គឺស្រួលកើបលុយណាស់ បញ្ជល់មាន់ក្នុង១ថ្ងៃមិនក្រោមពី៥០គូ
នោះទេ ហើយម្ចាស់សង្វៀន ឈ្មោះ ឡេង ជាយោធាស័ក្តិ៥ ក្នុង អង្គភាពភូមិភាគពិសេស និងលោក ឈឿន ឆន ហើយភាពអនាធិបតេយ្យនេះ ពុំឃើញមានសមត្ថកិច្ច ពាក់ព័ន្ធ ណាម្នាក់ ចេញមុខទៅបង្ក្រាបនោះទេ ទំនងជាសង្វៀនបញ្ជល់មាន់នោះ មានខ្នងក្រាសហើយមើលទៅ ។
កាលពីពេលថ្មីៗនេះ មានក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ភ្នាល់គ្នា ចាញ់អស់លុយច្រើនពេក ក៏កើតមានជម្លោះ រហូតកាប់ចាក់គ្នានៅក្នុងសង្វៀននោះ រវាងជនជាតិវៀតណាម បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រង់ភ្លៅទាំងសង ខាង លិចដល់ឆ្អឹង ថែមទាំងជាប់កាំបិតនៅនឹងភ្លៅទៀតផង គូជម្លោះ គឺជាជនជាតិវៀតណាម និងជនជាតិវៀតណាម
គ្រាន់តែមក បញ្ជល់មាន់នៅក្នុងទឹកដីកម្ពុជា ។
គោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ប្រកាសឲ្យអនុវត្តន៍ កាលពីឆ្នាំ២០០៨ ល្បែងស៊ីងសងគ្រប់ប្រភេទ ត្រូវលុបបំបាត់ ប៉ុន្តែកាស៊ីណូ ជ្រៃធំ ហាក់បីដូចជាផ្ទុយនឹងគោលការណ៍ណែនាំ ជាពិសេស គេឃើញជនជាតិខ្មែរ ចូលលេងជាច្រើនក្នុងមួយថ្ងៃៗ ដែលបង្កឲ្យមានភាព អសកម្មនៅតាមតំបន់ព្រំដែន ចោរលួច ចោរប្លន់ ចោរឆក់ ទិញលក់
គ្រឿងញៀន ធ្វើឲ្យប្រជាពលរដ្ឋ ខ្លាចរអាយ៉ាងខ្លាំង ម្យ៉ាងវិញទៀត វាផ្ទុយពីគោលនយោបាយ របស់រាជរដ្ឋាភិបាលគឺ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដែលបានដាក់ ដល់អាជ្ញាធរភូមិឃុំ មន្ត្រីរាជការទាំងអស់ ត្រូវតែអនុវត្តន៍ឲ្យបាន
គឺល្បែងស៊ីសងគ្រប់ប្រភេទ បៀ អាប៉ោង បញ្ជល់មាន់ គ្រឿងញៀន ។ល។និង។ល។
ប្រជាពលរដ្ឋ នៅទូទាំងខេត្តកណ្តាល បាននិយាយថា ដោយសារតែមានល្បែងបញ្ជល់មាន់នេះហើយ ទើបបង្កឲ្យកើតមានឡើង នូវអំពើហិង្សា ផ្សេងៗ ជាក់ស្តែងរឿងរ៉ាវ ផ្ទុះអំពើហិង្សានៅក្នុងកាស៊ីណូជ្រៃធំ កន្លែងបញ្ជល់មាន់ បណ្តាលឲ្យជនជាតិ វៀតណាមម្នាក់រងរបួសភ្លៅទាំងសងខាង រហូតជាប់កាំបិតនៅនឹងភ្លៅផង ហើយពាក់ព័ន្ធនឹង
ករណីនេះដែរ លោក ម៉ុយ ចាន់ពេជ្រ អធិការនគរបាល ស្រុកកោះធំ បានប្រាប់អ្នកយកព័ត៌មានថា រឿងរ៉ាវនោះត្រូវបានកម្លាំងសន្តិសុខ គេចាប់ឃាត់ និងដោះស្រាយ រួចរាល់អស់ហើយ ចំណែកជនបង្ក និងជនរងគ្រោះត្រូវបានបញ្ជូន ឲ្យទៅខាងប្រទេសវៀតណាម ។
អ្នកញៀនល្បែងបញ្ជល់មាន់ បានឲ្យដឹងថា ម្ចាស់សង្វៀននេះ មានឈ្មោះ ឈឿន ឆន និង ឡេង ដែលបានជួលទីតាំងខាងលើ ពីម្ចាស់កាស៊ីណូ ហើយបានបើកដំណើរការ ជាយូរឆ្នាំមកហើយ ដោយពុំខ្លាចញញើតសមត្ថកិច្ចឡើយ ដោយសារតែមានអ្នក មានអំណាចនៅពីក្រោយខ្នងចាំការពារ។
ប្រជាពលរដ្ឋសំណូមពរ ដល់លោកអភិបាលខេត្តកណ្តាល មេត្តាចុះពិនិត្យ និងចាត់វិធានការបង្ក្រាបជាបន្ទាន់ផង ដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបាន ភាពកក់ក្តៅ ៕ ដោយ៖ ដាំ ជា
» Breaking News, ព័ត៌មានជាតិ » សង្វៀនបញ្ជល់មាន់ នៅជ្រៃធំ បើកលេងយ៉ាងអនាធិបតេយ្យ